ឧត្តមសេនីយ៍ទោ ហេង សុផល បន្តចុះពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ
AKPកំពង់ធំថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៦ បានដឹកនាំកម្លាំងបន្តចុះសាកសួរសុខទុក្ខនិងត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់កងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចស្ថិតនៅប៉ុស្តិ៍រដ្ឋបាលឈើទាលនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដាន់ស្រុកសណ្ដាន់ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផលបានកោតសរសើរចំពោះថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ច និងសហការគ្នាដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកចិត្តទុកដាក់កែលម្អនិងរៀបចំបរិស្ថាអង្គភាព ឱ្យមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយល្អ។

លោកឧត្តមសេនីយ៍ទោស្នងការបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដើម្បីឱ្យកងកម្លាំងយកទៅអនុវត្តបន្ត សំដៅធានាសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌនិងបានណែនាំឱ្យកងកម្លាំងបន្តពង្រឹងការអនុវត្តបទវិន័យនគរបាលជាតិនិងរបៀបរបបការងារជំនាញឱ្យស្របតាមតួនាទីភារកិច្ច ឋានានុក្រម ព្រមទាំងរៀបចំផែនការសកម្មភាពការងារប្រចាំថ្ងៃនិងការងារផ្លាស់ប្ដូរវេនប្រចាំការរយៈពេល២៤ម៉ោងលើ២៤ម៉ោងដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានហេតុការណ៍ចៃដន្យ គ្រោះថ្នាក់ឬបញ្ហាបង្កឡើងដោយបាតុភូតធម្មជាតិ។

លោកឧត្តមសេរីទោស្នងការបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានរហ័ស ទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីសម្រួលដល់ការរស់នៅ និងការប្រើប្រាស់សេវារដ្ឋរបស់ប្រជាពលរដ្ឋនិងបានណែនាំបន្ថែមឱ្យបន្តចុះធ្វើវិធានរដ្ឋបាលតាមខ្នងផ្ទះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋ ការចំណូល-ចំណាកស្រុក ការគ្រប់គ្រងមធ្យោបាយ អាវុធនិងសារធាតុផ្ទុះមុខរបរពិសេស ព្រមទាំងពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងមូលដ្ឋាន។ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានការខ្វះខាតកម្លាំង លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំឱ្យលោកអធិការនគរបាលស្រុក រៀបចំបញ្ចុះកម្លាំងទៅជួយបំពេញតាមតម្រូវការដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការងារបង្ការនិងទប់ស្កាត់បទល្មើសលោកឧត្តមសេនីយ៍ទោស្នងការបានជំរុញឱ្យពង្រឹងការកំណត់ទីតាំងបទល្មើសលើផែនទីកញ្ចក់ ដោយប្រើប្រាស់ទិន្នន័យបទល្មើសដែលប្រមូលបាន ដើម្បីកំណត់បទល្មើសជាអាទិភាព និងរៀបចំផែនការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះកម្លាំងនគរបាលត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងប្រជាពលរដ្ឋ ដើម្បីរៀបចំវេទិកាសាធារណៈនិងផ្សព្វផ្សាយអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ព្រមទាំងវិធានការបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
លោកឧត្តមសេរីទោស្នងការបានបញ្ជាក់ថា ការពង្រឹងកិច្ចសហការរវាងនគរបាល និងសហគមន៍ត្រូវធ្វើឡើងជាប្រចាំតាមរយៈការចុះជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋរៀងរាល់ខែដើម្បីស្វែងយល់ពីស្ថានភាពសន្តិសុខក្នុងមូលដ្ឋាន និងរួមគ្នារកវិធានការបង្ការ ទប់ស្កាត់បទល្មើស ធានាសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់របងនិងក្លោងទ្វារនៃអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ដោយយកចិត្តទុកដាក់លើវឌ្ឍនភាពការងារ និងការអនុវត្តតាមផែនការសាងសង់ដើម្បីធានាឱ្យសំណង់មានសោភ័ណភាព សណ្ដាប់ធ្នាប់និងអាចប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ ស៊ុម វណ្ណា





