ក្រសួងអប់រំចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ឱ្យបេក្ខជនដែលប្រឡងជាប់យកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ខ្លួនបានផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង៖ ១០ សីហា ២០២៦) សម្រាប់ចែកជូនដល់បេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃរួចរាល់ហើយ។ ដូច្នេះ លោក លោកស្រី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អាចមកទទួលវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិនេះបាននៅសាលសហបំណង នៃអគាររដ្ឋបាលក្រសួង (ជាន់ទី៥)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ខ្លួនបានផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដើម្បីផ្តល់ជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។ ក្នុងន័យនេះ ក្រសួងស្នើដល់ លោក លោកស្រី ប្រធាន ចាត់បុគ្គលិកអប់រំរបស់មន្ទីរ ដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាព មន្ទីរសាមីឱ្យមកទទួលយកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិនេះ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ តទៅនៅសាលពហុបំណង នៃអគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥។
ជាមួយគ្នានេះ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនប្រឡងជាប់ ដើម្បីរៀបចំយន្តការ និងនីតិវិធីផ្តល់វិញ្ញាបនបត្រ និងធ្វើសេចក្តីជូនដំណឹងលម្អិតបន្ថែម សំដៅអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយថា រាល់បាតុភាពទាំងឡាយ ដែលកើតចេញពីការផ្តល់វិញ្ញាបនបត្របណ្តោះអាសន្ននេះ គឺជាការទទួលខុសត្រូវរបស់មន្ទីរ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





