លោកឧត្តមសេនីយ៍ទោ ហេង សុផល ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKPកំពង់ធំថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦--ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងដែលមានវត្តមានជាក់ស្តែងនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈជាស្រេច សម្រាប់ចុះអន្តរាគមន៍ និងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

លោកឧត្តមសេនីយ៍ទោ ហេង សុផលបានកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួនខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ នាពេលកន្លងមក រហូតសម្រេចបានលទ្ធផលល្អប្រសើរជូនសង្គមជាតិនិងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការក៏បានណែនាំឱ្យកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពង្រឹងការគ្រប់គ្រង ដឹកនាំ និងបញ្ជាតាមតួនាទី ភារកិច្ចប្រចាំថ្ងៃ ឱ្យបានម៉ឺងម៉ាត់ ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ពាក់ព័ន្ធការងារចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ទោស្នងការបានជំរុញឱ្យកងកម្លាំងនគរបាលធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមអនុវត្តច្បាប់សំដៅរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ។
ចំពោះការងារសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឱ្យបញ្ចេញកម្លាំងចុះល្បាត ត្រួតពិនិត្យភូមិសាស្ត្រ និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅតាមរមនីយដ្ឋាន ទីប្រជុំជននិងតំបន់ងាយរងគ្រោះដើម្បីបង្ការការកកស្ទះ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ។

សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកបានណែនាំឱ្យកងកម្លាំងរួមគ្នាគិត រួមគ្នាអនុវត្ត ប្រកបដោយទំនួលខុសត្រូវ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យថយចុះជាបន្តបន្ទាប់ព្រមទាំងបង្កើនការផ្សព្វផ្សាយអប់រំអំពីច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឥទ្ធិពល និងផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយសមត្ថកិច្ចតាមបណ្តាក្រុង-ស្រុក ។
ដោយឡែក ការងារផែនការព្រហ្មទណ្ឌ ត្រូវអនុវត្តតាមផែនការជាក់លាក់ និងប្រើប្រាស់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា៖ លួច ឆក់ ប្លន់ និងឆបោក ព្រមទាំងពង្រឹងការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង ដើម្បីធានា និងថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោស្នងការបានណែនាំឱ្យពង្រឹងការងារប្រចាំបញ្ជា ដោយរៀបចំផ្លាស់ប្តូរវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅតាមអង្គភាព និងត្រៀមកម្លាំងឱ្យបានរួចជាស្រេច សម្រាប់អន្តរាគមន៍ និងជួយប្រជាពលរដ្ឋនៅពេលមានភាពចាំបាច់ ជាពិសេសក្នុងស្ថានភាពមានជំនន់ទឹកភ្លៀង។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានជំរុញដល់ថ្នាក់ដឹកនាំនិងកងកម្លាំងទាំងអស់ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្មារតីទទួលខុសត្រូវ និងការលះបង់ ដើម្បីរួមគ្នាបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរនិងឈានទៅសម្រេចបានស្នាដៃនិងលទ្ធផលថ្មីៗបន្ថែមទៀតជូនថ្នាក់ដឹកនាំ សង្គមជាតិនិងប្រជាពលរដ្ឋ៕
ដោយ៖ ស៊ុម វណ្ណា





