ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកទំនប់អូរតេធិបតី ក្នុងខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងដើម្បីវាយតម្លៃ និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងទឹកនៅទំនប់អូរតេធិបតីក្នុងរដូវវស្សា។
ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគសាងសង់ទំនប់នេះឡើង ក្នុងគោលបំណងស្ទាក់ និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ពហុបំណង ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឥសាន ព្រមទាំងចូលរួមចំណែកអភិវឌ្ឍឱ្យទៅជាតំបន់ទេសចរណ៍ផងដែរ។

ឯកឧត្តម បានណែនាំដល់មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការថែទាំ តាមដានស្ថានភាពកម្ពស់ទឹកជាប្រចាំ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហានិភ័យ ឬគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ដើម្បីអាចចុះអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





