ថ្នាក់ដឹកនាំបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- ការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិ ត្រូវបានចាត់ទុកជាភារកិច្ចអាទិភាពមួយរបស់អាជ្ញាធរ និងមន្ទីរជំនាញក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការចុះជួបសួរសុខទុក្ខ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបន្តតាមដានស្ថានភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហេង ស្រីលក្ខណ៍ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយស្បៀងអាហារសង្គ្រោះបន្ទាន់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ចុះចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួន ១១គ្រួសារ។

ក្នុងឱកាសនោះ លោកស្រី ហេង ស្រីលក្ខណ៍ បានលើកឡើងថា ការចុះផ្តល់ជំនួយនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការការជួយសង្គ្រោះជាបន្ទាន់ក្នុងអំឡុងពេលប្រឈមនឹងគ្រោះទឹកជំនន់។

លោកស្រីបានបញ្ជាក់ថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នឹងបន្តអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ជា សុមេធី និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសង្គមកិច្ច ជាពិសេសការជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាក ដើម្បីឱ្យពួកគេទទួលបានការគាំពារ និងជំនួយបានទាន់ពេលវេលា។

លោកស្រី ហេង ស្រីលក្ខណ៍ បានបន្ថែមថា ក្នុងស្ថានភាពគ្រោះទឹកជំនន់ ការជួយសង្គ្រោះមិនត្រឹមតែផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់គ្រួសាររងគ្រោះ ដែលកំពុងឃ្លាតចាកពីលំនៅឋាន ដើម្បីមកស្នាក់នៅទីទួលសុវត្ថិភាព។ ដូច្នេះ ការចុះជួបផ្ទាល់ និងស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយសំខាន់ក្នុងការធានាថា ជំនួយត្រូវបានផ្តល់ដល់អ្នកដែលមានតម្រូវការពិតប្រាកដ។

អំណោយសង្គ្រោះបន្ទាន់ដែលបានចែកជូនក្នុងឱកាសនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង ១ និងភួយ ១។
ការផ្តល់ជំនួយនេះ ក៏បានបង្ហាញពីការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងស្ថានភាពគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារជីវិត សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព។
សម្រាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ការទទួលបានស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់នៅក្នុងពេលលំបាក មិនត្រឹមជាការឆ្លើយតបនឹងតម្រូវការជាក់ស្តែងនោះទេ ប៉ុន្តែថែមទាំងជាសារបញ្ជាក់ថា សុខទុក្ខរបស់ពួកគេនៅតែទទួលបានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ក្នុងស្ថានភាពនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានស្ថានភាព និងតម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យការជួយសង្គ្រោះអាចឈានដល់មូលដ្ឋានបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ដោយ ឈុន សារ៉ាត





