មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ផ្អាកបណ្តោះអាសន្នយានយន្តធុនធំលើកំណាត់ផ្លូវសំខាន់ៗ ដើម្បីការពារផ្លូវថ្នល់ និងសុវត្ថិភាពប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ លេខ៥៩ លេខ៥៦D និងផ្លូវខេត្តលេខ១៥៩Hក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈខេត្តកំពុងទទួលរងឥទ្ធិពលពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជំនន់ទឹកភ្លៀង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួននៅក្នុងខេត្ត ដែលអាចបង្កផលប៉ះពាល់ដល់ស្ថានភាពផ្លូវថ្នល់ និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសយានយន្តធុនធំដែលមានទម្ងន់ និងបន្ទុកខ្ពស់។

ដើម្បីទប់ស្កាត់ការខូចខាតបន្ថែម និងរក្សាស្ថានភាពផ្លូវ ស្ពានឱ្យអាចប្រើប្រាស់បានប្រកបដោយសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តធុនធំគ្រប់ប្រភេទ ឱ្យផ្អាកការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវដែលកំពុងទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងជាបណ្តោះអាសន្ន។

កំណាត់ផ្លូវដែលត្រូវផ្អាកការធ្វើដំណើររបស់យានយន្តធុនធំ រួមមាន៖
ទី១៖ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ ៤០២+២០០ ដល់គីឡូម៉ែត្រ ៤០៧+៤៥០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ទី២៖ កំណាត់ផ្លូវជាតិលេខ៥៩ ចាប់ពីគីឡូម៉ែត្រ ២០+០០០ ដល់គីឡូម៉ែត្រ ៣០+០០០ ស្ថិតចាប់ពីឃុំអូរសំព័រ ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ។
ទី៣៖ កំណាត់ផ្លូវជាតិលេខ៥៦Dចាប់ពីគីឡូម៉ែត្រ ០+០០០ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់គីឡូម៉ែត្រ ១៩+៩០០។
ទី៤៖ កំណាត់ផ្លូវខេត្តលេខ១៥៩Hចាប់ពីគីឡូម៉ែត្រ ០+០០០ ដល់គីឡូម៉ែត្រ ១៥+៧០០ ស្ថិតចាប់ពីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា វិធានការផ្អាកជាបណ្តោះអាសន្ននេះ មានគោលបំណងសំខាន់ក្នុងការកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះផ្លូវថ្នល់ និងស្ពាននៅតំបន់ដែលកំពុងទទួលរងឥទ្ធិពលពីជំនន់ទឹកភ្លៀង ព្រមទាំងចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអំពាវនាវដល់សាធារណជន ជាពិសេសម្ចាស់យានយន្តធុនធំគ្រប់ប្រភេទ សូមចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានរបស់រដ្ឋ។
ការចាត់វិធានការនេះ ក៏ជាផ្នែកមួយនៃការបង្ការហានិភ័យជាមុន ខណៈស្ថានភាពអាកាសធាតុ និងជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ នៅតែត្រូវការការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុ៕

ដោយ ឈុន សារ៉ាត





