រដ្ឋបាលខេត្តកំពង់ឆ្នាំងចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។ របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិនិងរបាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការីចូលរួមជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងតម្រូវការអតិថិជនដែលកំពុងកើនឡើង នឹងក្លាយជាចលករជំរុញឱ្យវិស័យភស្តុភារកម្មរបស់កម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ។ ក្នុងនោះខេត្តកំពង់ឆ្នាំង ការកើនឡើងនៃអាជីវកម្មថ្មីៗនៅក្នុងទីផ្សារ នឹងរួមចំណែកជួយបង្កើនគុណភាពសេវាកម្ម បង្កើតជម្រើសកាន់តែល្អប្រសើរ និងសម្បូរបែបសម្រាប់អតិថិជន ដែលធ្វើឱ្យប្រព័ន្ធភស្តុភារកម្មទាំងមូលកាន់តែមានភាពទំនើប ទាន់សម័យ និងរហ័សទាន់ចិត្តតាមរយៈទីផ្សារទំនើបសេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា ខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាផ្នែកមួយដែលធានាឱ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ឧស្សាហកម្ម។ វិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មានផល ទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក។ ដូច្នេះការផលិត ការច្នៃប្រឌិត ទាមទាឱ្យមានគុណភាព និងតម្លៃសមរម្យ ដើម្បីរត់ប្រដេញទីផ្សារជាតិនិងអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា វិស័យភស្តុភារកម្ម ត្រូវបានចាត់ទុកថាជាវិស័យដែលកំពុងមានសក្ដានុពលខ្លាំងក្នុងកំណើនដ៏ល្អប្រសើរ ស្របពេលដែលការទិញទំនិញអនឡាញ និងប្រព័ន្ធទូទាត់ប្រាក់ឌីជីថលកំពុងបន្តទទួលបានប្រជាប្រិយភាពខ្លាំង។ ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដឹកជញ្ជូន ការបង្កើនប្រសិទ្ធភាពពេលវេលាចែកចាយទំនិញ និងការយកបច្ចេកវិទ្យាមកអនុវត្តក្នុងប្រព័ន្ធប្រតិបត្តិការ បានក្លាយជាអាទិភាពចម្បង ដែលមិនអាចខ្វះបាន សម្រាប់អាជីវកម្មនានានៅក្នុងវិស័យទីផ្សារឌីជីថល៕
ដោយ បៃ ស៊ីថុន





