ជំនន់ទឹកភ្លៀងនៅសៀមរាបប៉ះពាល់ជាង៦៥០០គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងខណៈអាជ្ញាធរកំពុងតាមដានស្ថានការណ៍ជាបន្តបន្ទាប់
AKP សៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- ភ្លៀងធ្លាក់ជាប់គ្នារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប ប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ លំនៅឋាន សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្មនៅក្នុងក្រុង-ស្រុកចំនួន១២។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ប្រចាំថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គិតត្រឹមម៉ោង១៦៖០០នាទី បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកអង្គរជុំ ស្រុកពួក ស្រុកវ៉ារិន ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ក្រុងរុនតាឯកតេជោសែន និងក្រុងសៀមរាប ខណៈស្រុកក្រឡាញ់មិនទទួលរងផលប៉ះពាល់នោះទេ។


របាយការណ៍បញ្ជាក់ថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ឃុំ-សង្កាត់ចំនួន៥៥ និងភូមិចំនួន ១៧៩ ដោយមានគ្រួសាររងផលប៉ះពាល់សរុប៦,៥៣១គ្រួសារ ក្នុងនោះ ១៨គ្រួសាររងផលប៉ះពាល់កម្រិតធ្ងន់ ក្នុងនោះមាន៦គ្រួសារ ត្រូវបានជម្លៀសទៅស្នាក់នៅផ្ទះសាច់ញាតិជាបណ្តោះអាសន្ន។ ចំពោះលំនៅឋានវិញ មានផ្ទះចំនួន ៦,៣៦៥ខ្នង រងផលប៉ះពាល់កម្រិតស្រាល និង១៨ខ្នង រងផលប៉ះពាល់កម្រិតធ្ងន់។ ទន្ទឹមនឹងនេះ សាលារៀនចំនួន ៣៣កន្លែង មន្ទីរពេទ្យ ៤កន្លែង អគាររដ្ឋបាល ២កន្លែង និងវត្តអារាម ១កន្លែង ក៏ទទួលរងផលប៉ះពាល់ផងដែរ។
ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន រួមមាន ផ្លូវកៅស៊ូប៉ះពាល់ប្រវែង ៣,២៨០ម៉ែត្រ ផ្លូវបេតុងប៉ះពាល់ ៣,៨៣៨ម៉ែត្រ ខណៈផ្លូវដីស និងគ្រួសក្រហមប៉ះពាល់ដល់ ៨៦,០៨៥ម៉ែត្រ និងខូចខាត ៤១០ម៉ែត្រ។ ក្នុងវិស័យកសិកម្ម ស្រូវវស្សាចំនួន ២,២៩០ហិកតា និងដំណាំចម្ការ-ដំណាំរួមផ្សំចំនួន ១៤ហិកតា បានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីការខូចខាតដំណាំនោះទេ។ ជាមួយគ្នានេះ សត្វគោ-ក្របីចំនួន៣៩៣ក្បាល សត្វជ្រូក២៦៣ក្បាល និងសត្វមាន់-ទាចំនួន ៦០ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយមិនមានសត្វពាហនៈណាមួយងាប់ឡើយ។


អាជ្ញាធរខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធ កំពុងបន្តតាមដានស្ថានការណ៍ជំនន់ទឹកភ្លៀង និងចុះអន្តរាគមន៍នៅតំបន់រងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងកាត់បន្ថយការខូចខាតដែលអាចកើតមានបន្ថែម៕
ដោយ ឃុត សៅ





