មន្រ្តីក្រសួងព័ត៌មាន ២រូប បញ្ចប់វគ្គបណ្កុះបណ្តាលស្តីពីការហ្វឹកហ្វឺនសារព័ត៌មាននៅសមរភូមលើកទី៣០ ប្រកបដោយជោគជ័យ នៅប្រទេសតួកគី
AKP អង់ការ៉ា, ប្រទេសតួកគី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ —
មន្រ្តីក្រសួងព័ត៌មានចំនួន ២រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលដ៏តឹងរ៉ឹង និងគ្រោះថ្នាក់ ស្តីពី «សារព័ត៌មាននៅសមរភូមិ» លើកទី៣០ (30th War Journalism) នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ប្រកបដោយជោគជ័យ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាព និងសុវត្ថិភាពរបស់មន្រ្តីក្រសួងព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានកម្ពុជា នៅលើឆាកអន្តរជាតិ។
វគ្គហ្វឹកហ្វឺនពិសេសនេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu Agency (AA) និងទីភ្នាក់ងារសហប្រតិបត្តិការ និងការអភិវឌ្ឍតួកគី (TIKA) ដោយមានការចូលរួមពីអ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នឹយ៍ និងអាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផងដែរ។
ក្នុងអំឡុងពេលនៃការហ្វឹកហ្វឺនរយៈពេល ២សប្តាហ៍ ចាន់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានទាំង ២៥នាក់ បានឆ្លងកាត់ការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើទីលាន ដែលរួមមាន ការសង្គ្រោះបឋម ការការពារខ្លួនពីអាវុធគីមី គ្រាប់បែកផ្សែង ការបាញ់ទឹកដែលមានសម្ពាធខ្លាំង របៀបប្រើប្រាស់ឧបករណ៍ការពារខ្លួន ការហែលទឹកជាក្រុមក្នុងពេលមានឧបសគ្គ ការឡើងភ្នំពេលយប់ ការការពារខ្លួននៅពេលមានការផ្ទុះអាវុធ ការបន្ស៊ាំខ្លួននឹងស្ថានភាពពិបាក និងត្រជាក់ ក៏ដូចជាភ្លៀងនៅពេលយប់ ដោយត្រូវគេងនៅទីវាលជាក្រុម របៀបការពារខ្លួននៅពេលដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង របៀបការពារខ្លួននៅពេលមានគ្រោះធម្មជាតិ ដូចជារញ្ជួយដីជាដើម ព្រមទាំងហ្វឹកហ្វឺនទប់ស្កាត់ភាពភ័យខ្លាចនៅទីខ្ពស់ ដោយត្រូវហ្វឹកហាត់ឡើងជញ្ជាំងខ្ពស់ និងជិះឧទ្ធម្ភាគចក្រ និងរបៀបការពារខ្លួនពេលស្ថិតនៅក្នុងទីកន្លែងដែលមានគ្រាប់មិនទាន់ផ្ទុះ និងមីនជាដើម។

តំណាងអ្នកសារព័ត៌មានកម្ពុជាមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បាននិយាយថា «នេះជាបទពិសោធន៍ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន។ ក្នុងនាមជាអ្នកសារព័ត៌មាន យើងមិនត្រឹមតែត្រូវរាយការណ៍ព័ត៌មានឱ្យបានទាន់ហេតុការណ៍ និងច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺ ការដឹងពីរបៀបការពារជីវិតខ្លួនឯង និងក្រុមការងារនៅសមរភូមិ ឬនៅក្នុងស្ថានភាពអាសន្នណាមួយ ដើម្បីអាចបន្តបេសកកម្មនាំយកពន្លឺនៃការពិតជូនសាធារណជន»។

ពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកសារព័តមានទាំងអស់បានឆ្លងកាត់ការប្រឡងតេស្តសមត្ថភាព និងការអនុវត្តផ្ទាល់នៅក្មុងសេណារីយ៉ូជាសមរភូមិយ៉ាងស្ទាត់ជំនាញ។ ភាពជោគជ័យរបស់អ្នកសារព័ត៌មានកម្ពុជានាពេលនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនេះទៅកាន់មិត្តភក្តិរួមអាជីពក្នុងស្រុក ដើម្បីលើកកម្ពស់ស្តង់ដារ សុវត្ថិភាព និងវិជ្ជាជីវៈសារព័ត៌មានក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសក្មុងកាលៈទេសៈដែលកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាតាមព្រំដែន ដោយសារការឈ្លានពានទឹកដីពីប្រទេសថៃនាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា មន្រ្តីក្រសួងព័ត៌មាន ២រូបដែលត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ រួមមាន លោក យា ចិន្តាខន្តី មកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងលោក ហ៊ីម ករុណា មកពីទូរទស្សន៍ជាតិកម្ពុជា(TVK)៕
ដោយ៖ យា ចិន្តាខន្តី





