ព្រះករុណា ព្រះមហាក្សត្រ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ --ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គប្រទានជូនជនរួមជាតិចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួម អបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ ព្រះអង្គបានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះ មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថានៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួម ធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។ លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តាន ដែលបានលាចាកលោកនេះ ទៅហើយ។
ទន្ទឹមនេះដែរ ព្រះអង្គ ក៏បានសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព ការរួបរួម និងទំនាក់ទំនងដ៏ល្អប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលបានបង្ហាញតាមរយៈការចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏រុងរឿង ជាពិសេសស្មារតីស្រឡាញ់វប្បធម៌ ការចូលរួមការពារ ថែរក្សាទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ឱ្យបានគង់វង្ស ស្ថិតស្ថេរ និងបន្តរីកចម្រើនពីជំនាន់ មួយទៅជំនាន់មួយ ដើម្បីទុកជាមរតកដ៏មានតម្លៃសម្រាប់ជាតិ និងកូនចៅខ្មែរគ្រប់រូប។ ព្រះករុណាបានគូសបញ្ជាក់បន្ថែមថា៖ «ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមប្រជារាស្ត្រខ្មែរទាំងអស់បន្ត ចូលរួមការពារ ថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិ ព្រមទាំងរួមគ្នាពង្រឹងសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យកាន់តែរឹងមាំ ព្រមទាំងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍»៕
ដោយ៖ ជឹម ណារី





