និយ័តករមូលបត្រកម្ពុជា និង ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្តីពី គោលការណ៍នៃការគ្រប់គ្រងទ្រព្យនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យនិម្មិត
AKPភ្នំពេញថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦– និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្តីពី គោលការណ៍នៃការគ្រប់គ្រងទ្រព្យនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យនិម្មិត ក្រោយពិនិត្យឃើញថា ទីផ្សារទ្រព្យនិម្មិត មានការរីកដុះដាល ដែលអាចបង្កនូវហានិភ័យ ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងហានិភ័យពាក់ព័ន្ធនឹងការការពារវិនិយោគិននិងអ្នកប្រើប្រាស់ ការក្លែងបន្លំ ការប្រែប្រួល តម្លៃ ការប្រកួតប្រជែង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការគេចវេសពីទណ្ឌកម្មនិងពន្ធ និងឧក្រិដ្ឋកម្ម សាយប័រ។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្តីពី គោលការណ៍នៃការគ្រប់គ្រងទ្រព្យនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យនិម្មិត ដើម្បីផ្តល់ការណែនាំអំពីក្របខ័ណ្ឌ បទប្បញ្ញត្តិដែលអនុវត្តចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលផ្តល់សេវាទ្រព្យនិម្មិតក្នុងព្រះរាជាណាចក្រកម្ពុជា ឬផ្តល់ សេវាពាក់ព័ន្ធនឹងទ្រព្យនិម្មិតដល់រូបវន្តបុគ្គលឬនីតិបុគ្គលក្នុងព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិ នៃកម្ពុជា និង ន.ម.ក. បានពិនិត្យឃើញថា ទីផ្សារទ្រព្យនិម្មិតមានការរីកដុះដាល និង កំណើននៃការប្រើប្រាស់ទ្រព្យនិម្មិតជាការវិនិយោគដែលមានលក្ខណៈបរិកប្បកម្ម (Speculative Investment) បន្ថែមលើមុខងាររបស់ទ្រព្យនិម្មិតជាមធ្យោបាយនៃការទូទាត់សម្រាប់ទំនិញនិងសេវាកម្ម ដែលអាចបង្កនូវហានិភ័យ ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងហានិភ័យពាក់ព័ន្ធនឹងការការពារវិនិយោគិននិងអ្នកប្រើប្រាស់ ការក្លែងបន្លំ ការប្រែប្រួល តម្លៃ ការប្រកួតប្រជែង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ការគេចវេសពីទណ្ឌកម្មនិងពន្ធ និងឧក្រិដ្ឋកម្ម សាយប័រ។
ក្នុងឆ្នាំ២០១៨ ន.ម.ក. ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញនូវសេចក្តី ថ្លែងការណ៍រួម ដើម្បីក្រើនរំលឹកដល់សាធារណជនអំពីហានិភ័យពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ (Crypto- currency) ដែលអាចកើតឡើងចំពោះរូបវន្តបុគ្គលនិងសង្គមជាតិ ដែលបានកំណត់ថារាល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលផ្សព្វផ្សាយដើម្បីកៀរគរមូលនិធិ ទិញ លក់ ជួញដូរ ឬទូទាត់រូបិយប័ណ្ណគ្រីបតូ ដោយគ្មានអាជ្ញាបណ្ណពីអាជ្ញាធរ មានសមត្ថកិច្ច ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ហានិភ័យដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍រួមឆ្នាំ២០១៨ កាន់តែរីកធំឡើង ដោយសារការកើនឡើង នៃការប្រើប្រាស់ទ្រព្យនិម្មិតជាសកល ចរិកលក្ខណៈឆ្លងដែននៃទ្រព្យនិម្មិត និងភាពប្រទាក់ក្រឡាគ្នានៃក្រុមហ៊ុនផ្តល់ សេវាទ្រព្យនិម្មិត រួមទាំងការកើនឡើងនៃការផ្សារភ្ជាប់គ្នាទៅវិញទៅមកជាមួយប្រព័ន្ធហិរញ្ញវត្ថុ ដែលចាំបាច់រៀបចំ ការឆ្លើយតបប្រកបដោយភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព និងបន្ស៊ីគ្នា។ ក្នុងន័យនេះ ការធ្វើនិយ័តកម្មលើ សកម្មភាពទ្រព្យនិម្មិត អាចផ្តល់នូវកាលានុវត្តភាពក្នុងការបង្កើនតម្លាភាពក្នុងទីផ្សារហិរញ្ញវត្ថុ ពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុនិងទទួលបានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច និងរួមចំណែកដល់ការបង្កើនចំណូល សាធារណៈ។
តុល្យភាពរវាងកាលានុវត្តភាពនិងហានិភ័យនេះ បានកំណត់ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិង សង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជំរុញបរិវិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងគាំទ្រគោលនយោបាយបរិវត្តកម្ម ឌីជីថល បង្កើនផលិតភាព ពិពិធកម្មនិងប្រសិទ្ធភាពនៃវិស័យមូលបត្រ ទូទាត់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈ ការពង្រីកលទ្ធភាពទទួលបាននិងប្រើប្រាស់សេវានិងផលិតផលហិរញ្ញវត្ថុប្រកបដោយគុណភាព ព្រមទាំងរក្សាស្ថិរភាព ហិរញ្ញវត្ថុនិងម៉ាក្រូសេដ្ឋកិច្ច។
អនុលោមតាមគោលបំណងនៃគោលនយោបាយទាំងនេះ សេចក្តីថ្លែងការណ៍រួមនេះ នឹងផ្តល់នូវភាពច្បាស់លាស់លើការអនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងទ្រព្យនិម្មិត ក្នុងគោលដៅគាំទ្រការធ្វើ ពិពិធកម្មផ្ទាលឌីជីថលគ្រឹះ នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងទេពកោសល្យមនុស្ស និងដោះស្រាយហានិភ័យ ដែលកើតចេញពីអក្ខរកម្មឌីជីថលនិងហិរញ្ញវត្ថុរបស់វិនិយោគិននិងសាធារណជន។
គួរបញ្ជាក់ថា ទ្រព្យនិម្មិត (Virtual Asset) (ដែលអាចហៅផងដែរថា ទ្រព្យឌីជីថល (Digital Asset) ឬ ទ្រព្យសកម្ម គ្រីបតូ (Crypto Asset)) មានន័យថាជាឯកតាតម្លៃជាឌីជីថលដែលពឹងផ្អែកលើគ្រីបតូក្រាហ្វី (Cryptography) និងបច្ចេកវិទ្យាឌីអិលធី (Distributed Ledger Technology ឬ DLT) ឬបច្ចេកវិទ្យាប្រហាក់ប្រហែល និងដែល អាចត្រូវបានជួញដូរ ឬផ្ទេរក្នុងទម្រង់ជាឌីជីថលសម្រាប់គោលបំណងទូទាត់ ឬវិនិយោគ៕

ដោយ៖ ចរិយា





