ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបិទបញ្ចប់ទៅប្រកបដោយខ្លឹមសារ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថាមានសារៈសំខាន់ ដោយសន្និសីទនេះបានចែករំលែកនូវទស្សនទានដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ បទពិសោធដ៏ល្អៗ ការវិភាគស៊ីជម្រៅ និងអនុសាសន៍សំខាន់ៗ ប្រកបដោយគុណតម្លៃជាច្រើនអនេក ដែលបានធ្វើឱ្យសន្និសីទអន្តរជាតិរបស់យើងបានបិទបញ្ចប់ទៅប្រកបដោយខ្លឹមសារ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ នេះជាការថ្លែងរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រយៈពេល១ថ្ងៃកន្លះនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ថ្វីត្បិតសន្និសីទរបស់យើងប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន ប៉ុន្តែតាមរយៈសេចក្តីសង្ខេប និងលទ្ធផលសន្និសីទ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាតំណាងប្រតិភូដែលបានចូលរួមទាំងអស់ បានចូលរួមចែករំលែកទស្សនទាន បទពិសោធន៍ដ៏ល្អៗដ៏សារៈសំខាន់ជាច្រើនដូចជា បទពិសោធនៃការឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់បណ្តាប្រទេស ការចែករំលែកបញ្ហាប្រឈម និងនិន្នាការនៃការវិវត្តថ្មីៗនៃបទល្មើស ការកសាងភាពធន់ និងប្រព័ន្ធសន្តិសុខសាយប័រ ការវិវត្ត និងបញ្ហាប្រឈមថ្មីៗដែលកើតចេញពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ការចែករំលែកទស្សនទានអំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និងបញ្ហាប្រឈមដែលកើតចេញពីប្រព័ន្ធហិរញ្ញវត្ថុឌីជីថលជាដើម។

ឯកឧត្តមបានបន្ថែមថា រាល់ខ្លឹមសារដែលបានជជែកពិភាក្សា និងចែករំលែកទាំងអស់នេះសុទ្ធសឹងជាគន្លឹះដ៏សំខាន់ និងជាពិសេសបានឆ្លើយតបទៅនឹងមូលបទរបស់យើង គឺរួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកិច្ចពិភាក្សា ការចែករំលែកធាតុចូលសំខាន់ៗអំពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ ពិតជាបានបន្សល់ទុកនូវមេរៀនល្អៗប្រកបដោយគុណតម្លៃជាច្រើន សម្រាប់ប្រតិភូចូលរួមទាំងអស់ ប៉ុន្តែមេរៀនមួយដែលឯកឧត្តមយល់ឃើញថាយើងពិតជាបានរៀនសូត្រ និងទទួលស្គាល់ទាំងអស់គ្នានោះគឺ ការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំអាចមានប្រទេសណាមួយអនុវត្តបានដោយជោគជ័យតែម្នាក់ឯងនោះទេ ពោលគឺតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិគ្រប់កម្រិត ដែលនេះក៏ជាប្រសាសន៍ដ៏មានអត្ថន័យប្រកបដោយទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់បន្ថែមថា ជាមួយនឹងការអភិវឌ្ឍដ៏ជឿនលឿនបំផុតមិនគួរឱ្យជឿនៃប្រព័ន្ធបច្ចេកវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ហាក់មានភាពងាយស្រួលបើប្រៀបធៀបទៅនឹងអតីតកាល ប៉ុន្តែជាមួយគ្នានេះនិន្នាការនេះក៏បានផ្តល់ឱកាសឱ្យក្រុមជនល្មើសប្រែក្លាយទៅជាបទឧក្រិដ្ឋនានា រួមទាំងការឆបោកផងដែរដូចដែលយើងទាំងអស់គ្នាបានទទួលស្គាល់ហើយថា ពាក្យថា «ឆបោក» (Scam) មិនថាក្នុងទម្រង់បែបណាក៏ដោយ ក៏តែងតែបង្កនូវមហអន្តរាយយ៉ាងច្រើនដល់ជនរងគ្រោះ ដោយឡែកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ទៀតសោតគឺសុទ្ធតែមានភាពស្មុគស្មាញ និងបង្កវិនាសកម្មកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀតទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខជាតិ៕

ដោយ៖ ចាន់ សុភឿន





