ឯកអគ្គរដ្ឋទូតគុយបា បង្ហាញការប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ -- លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានចំណាយពេលវេលេដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន នាពេលកន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន និងកំពុងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ សម្ដេចធិបតីបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពលផ្សេងៗទៀត មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល។
ជាមួយគ្នានេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, កសិកម្ម, វប្បធម៌, ទេសចរណ៍ និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តលោកជំទាវឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពលនានា៕
ដោយ៖ រិទ្ធី





