ម្ចាស់មេដាយសំរឹទ្ធិកីឡាអាស៊ី ចេង ដាលីន រំភើបរីករាយដែលនាំមេដាយជូនជាតិ
AKP កណ្តាល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ម្ចាស់មេដាយសំរឹទ្ធិគុនចម្រុះកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន កីឡាការិនី ចេង ដាលីន បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលបានចូលរួមប្រកួតលើកទី១របស់ខ្លួន ហើយបាននាំយកមេដាយ១គ្រឿងយកជូនជាតិ។


ការបង្ហាញក្តីមោទកភាពជាតិនេះរបស់ម្ចាស់មេដាយរូបនេះបានបង្ហាញនៅក្នុងឱកាសទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ក្រោមការអញ្ជើញទទួលពីឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម វ៉ា ស៊ិនភីរម្យ អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា តំណាងប្រធានសហព័ន្ធ ឯកឧត្តម វ៉ាត់ ចំរើន ព្រមទាំងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


កីឡាការិនី ចេង ដាលីន លើកឡើងថា យើងអាចឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសចូលរួមខ្លាំងៗបែបនេះ គឺជារឿងមួយមោទកភាពជាតិណាស់ បន្ទាប់ពីការប្រមូលផ្តុំហ្វឹកហាត់៦ខែចុងក្រោយ និងបានចូលរួមហ្វឹកហាត់រយៈពេល ៥ឆ្នាំមកនេះ។ បើទោះបីជានេះជាមេដាយសំរឹទ្ធិ១គ្រឿងរបស់កីឡាការិនី ចេង ដាលីន ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ីក្តី ប៉ុន្តែមេដាយនេះក៏មិនមែនជាគោលបំណងចម្បងរបស់ខ្លួននោះទេ ដោយចង់បានមេដាយខ្ពស់ជាងនេះ។ យ៉ាងណា ចេង ដាលីន ប្តេជ្ញាប្រឹងប្រែងបន្តហ្វឹកហាត់ដុសខាត់សមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងក្លា ត្រៀមប្រកួតអន្តរជាតិក្រោយៗទៀត៕
ដោយ ហេង ណាលីន





