ក្រុមខេត្តត្បូងឃ្មុំ និងព្រះសីហនុ បន្តឈរលើកំពូលតារាងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមខេត្តត្បូងឃ្មុំនៅតែបន្តក្តោបក្តាប់តំណែងលើកំពូលតារាងពូល D ខណៈក្រុមខេត្តព្រះសីហនុក៏រក្សាបានតំណែងលើកំពូលតារាងពូល E ដែរ បន្ទាប់ពីប្រជែងបាន៣ពិន្ទុបន្ថែមពីគូប្រកួតរៀងៗខ្លួន នៅក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី១០នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៦-២០២៧។

ក្រុមខេត្តត្បូងឃ្មុំ (ឈុតខៀវ) និងក្រុមខេត្តស្វាយរៀង (ឈុតលឿង)
លទ្ធផល២ប្រកួត កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមស្វាយរៀង ដោយលទ្ធផល ៦-០ ខណៈក្រុមខេត្តព្រះសីហនុបានយកឈ្នះក្រុមខេត្តកែប ដោយលទ្ធផល ៨-១។ ក្រោយឆ្លងកាត់៥ប្រកួតដូចៗគ្នា ខេត្តត្បូងឃ្មុំ ឈ្នះ៤ ស្មើ១ ១៣ពិន្ទុ ឈរលេខ១ក្នុងពូល D តាមពីក្រោយដោយក្រុមខេត្តកំពង់ចាមជាមួយ១០ពិន្ទុ។ រីឯខេត្តព្រះសីហនុ ឈ្នះ២ និងស្មើ៣ មាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល E តាមពីក្រោយដោយក្រុមខេត្តកោះកុង ឈរលេខ២ មាន៩ពិន្ទុដែរ។

ក្រុមខេត្តព្រះសីហនុ (ឈុតលឿង) និងក្រុមខេត្តកែប (ឈុតស)
ការប្រកួតប្រចាំសប្តាហ៍ទី១០បានបញ្ចប់ហើយ ដោយនៅសល់ប្រកួតសរុប៩ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ពោលគឺក្នុង១ក្រុមៗក្នុងចំណោម១៩ក្រុមតំណាងរាជធានី-ខេត្ត នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ ខណៈ១ក្រុមក្នុងពូល A គឺក្រុមភូមិបាលថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែងបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយមុនគេ។ ការប្រកួតទាំងអស់គ្រោងនឹងបញ្ចប់វគ្គចែកពូល ត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងក្រុមខ្លាំងៗឈរនៅចំណាត់ថ្នាក់លេខ១ចំនួន៥ក្រុមនៃពូលទាំង៥ បូកនឹងក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេចំនួន៣ក្រុម (ក្រុមចំណាត់ថ្នាក់លេខ២ ដែលឈរលេខរៀងពីលេខ១ ដល់លេខ៣) ឡើងទៅប្រកួតប្រជែងនៅវគ្គ៨ក្រុមចុងក្រោយចំនួន២ជើង ដោយផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ពីថ្ងៃទី០៦-១៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមឈ្នះៗ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (២ជើង) ពីថ្ងៃទី២១-២៨ ខែតុលា។ ២ក្រុមឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើងទៅប្រជែងជើងឯក ខណៈក្រុមចាញ់ៗ២ក្រុមទៅប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី០១ ខែវិច្ឆិកាខាងមុខ។

នេះបើយោងតាមកាលវិភាគប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្រោមការរៀបចំដោយគណៈកម្មការបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)៕
ដោយ ហេង ណាលីន (រូបភាព៖ CNCC)





