អភិបាលស្រុកភ្នំស្រុក អំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងធ្លាក់ជាប់ៗគ្នា
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- ខណៈភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឱ្យមានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោកស្រី ចំរើន ដាណេ អភិបាល នៃគណៈអភិបាល ស្រុកភ្នំស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗ ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានដោយសារជំនន់ទឹកភ្លៀង។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកស្រីអភិបាលស្រុក ដឹកនាំក្រុមការងារ ដោយមានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តសុវណ្ណារាមទួលតានី ភូមិថ្មី ព្រមទាំងលោក សុក រិទ្ធី អភិបាលរងស្រុក លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក់ អធិការនៃអធិការដ្ឋាននគរបាលស្រុក មេឃុំណាំតៅ មេឃុំប៉ោយចារ និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិ និត្យ និងវាយតម្លៃស្ថានភាពផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងឃុំណាំតៅ និងឃុំប៉ោយចារ ស្រុកភ្នំស្រុកកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៦។
លោកស្រី ចំរើន ដាណេ បានមានប្រសា សន៍ថា ក្នុងស្ថានភាពដែលមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអាចត្រៀមលក្ខណៈការពារខ្លួន គ្រួសារ និងទ្រព្យសម្បត្តិបានទាន់ពេលវេលា។ 
លោកស្រីអភិបាលស្រុកក៏បានសង្កត់ធ្ងន់ថា ក្នុងចំណោមអ្នកដែលត្រូវយកចិត្តទុកដាក់ជាពិសេស គឺកុមារតូចៗ ដោយឪពុកម្តាយ និងអាណាព្យាបាលត្រូវតាមដាន និងមិនគួរឱ្យកុមារទៅលេង ឬចូលទៅកាន់តំបន់ដែលមានទឹកជំនន់ ជាពិសេសតំបន់ទឹកហូរខ្លាំង ឬកន្លែងដែលមានជម្រៅទឹកមិនអាចមើលឃើញស្ថានភាពខាងក្រោមបាន។
ជាមួយគ្នានេះ លោកស្រីបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ និងបរិស្ថានរស់នៅ ក្នុងអំឡុងពេលមានជំនន់ ព្រមទាំងត្រៀមសម្ភារៈ និងឯកសារសំខាន់ៗឱ្យបានសមស្រប ក្នុងករណីចាំបាច់ត្រូវជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់។ 
លោកស្រី ចំរើន ដាណេ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តតាមដាន និងចុះពិនិត្យស្ថានភាពទឹកនៅតាមមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីវាយតម្លៃពីកម្រិតហានិភ័យ និងអាចចាត់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ដែលមានទឹកលិចលង់ខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។
លោកស្រីអភិបាលស្រុកបានបញ្ជាក់បន្ថែមថា អាជ្ញាធរស្រុកភ្នំស្រុកបានត្រៀមលក្ខណៈសម្បត្តិ និងទីទួលសុវត្ថិភាពរួចជាស្រេច សម្រាប់ប្រើប្រាស់ក្នុងករណីស្ថានភាពជំនន់ទឹកភ្លៀងមានការកើនឡើង និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដោយផ្តោតសំខាន់លើការការពារសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាចម្បង។ 
ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់នេះ លោកស្រីអភិបាលស្រុកក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ទៅប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជនមានពិការភាព ចំនួន ១០គ្រួសារ ដើម្បីចូលរួមសម្រាលការលំបាក និងផ្តល់កម្លាំងចិត្តដល់គ្រួសារដែលកំពុងប្រឈមនឹងផលប៉ះពាល់ពីគ្រោះធម្មជាតិ។ 
សកម្មភាពចុះពិនិត្យ ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងការត្រៀមទីទួលសុវត្ថិភាពរបស់អាជ្ញាធរស្រុកភ្នំស្រុកនេះ បង្ហាញពីការយកចិត្តទុកដាក់លើការងារបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ដោយផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលអាកាសធាតុកំពុងមានការប្រែប្រួល និងភ្លៀងធ្លាក់បន្តបន្ទាប់៕
ដោយ៖ឈុនសារ៉ាត





