រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--
ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយការផ្សព្វផ្សាយត្រឹមត្រូវ និងទាន់ពេលវេលាដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់អាចជួយដល់ប្រជាពលរដ្ឋបានដឹងពីហានិភ័យ ស្គាល់សញ្ញាព្រមាន និងចេះការពារខ្លួនពីការឆបោកទាន់ពេលវេលា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា ការផ្សព្វផ្សាយដែលត្រឹមត្រូវ នោះនឹងបានជួយដល់ប្រជាពលរដ្ឋឱ្យ មានការប្រុងប្រយ័ត្ននូវការផ្សព្វផ្សាយក្នុងការជ្រើសរើសបុគ្គលិកដែលជាសញ្ញាផ្តល់នូវបៀវត្សរ៍ខ្ពស់ខុសពីប្រក្រតី ការអញ្ជើញឱ្យវិនិយោគតាមប្រព័ន្ធអនឡាញ និងសារដែលសុំប្រវត្តិផ្ទាល់ខ្លួន ឬក៏ទិន្នន័យហិរញ្ញវត្ថុ ជាដើម។ ឯកឧត្ដមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តរាយការណ៍ពីបញ្ហានេះដោយផ្អែកលើព័ត៌មានដែលផ្ទៀតផ្ទាត់ បង្ហាញពីផលប៉ះពាល់របស់ជនរងគ្រោះ និងតាមការវិវឌ្ឍន៍ភាពនៃការអនុវត្តច្បាប់។
ជាមួយគ្នានេះ ឯកឧត្ដមបានបញ្ជាក់ទៀតថា ក្រសួងព័ត៌មាន នឹងបន្តលើកកម្ពស់អក្ខរកម្មព័ត៌មានសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុវត្តិភាព ពីតម្លៃព័ត៌មាន ពីការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីដថលប្រកបដោយ សុវត្តិភាព។ ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងផងដែរថា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ ក៏មានអ្នកសារព័ត៌មាន បានចូលរួមដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលអតីតមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញ (Online Scam Compound) នៅខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល។ ឯកឧត្ដមដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៧៩ នាក់ មកពី ៣៩អង្គភាព បានធ្វើដំណើរចុះយកព័ត៌មាននៅកាស៊ីណូមួយទៀត ស្ថិតនៅក្នុងក្រុងបាវិត ខេត្ដស្វាយរៀង បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់នៅទីតាំងអតីតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ទន្ទឹមនេះ នៅខេត្តកណ្តាល អ្នកសារព័ត៌មានក៏មានការចុះទៅកាន់តំបន់ជ្រៃធំ ក្រុងសំពៅលូន ជាដើម ហើយបើសរុបមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជិត៣០០នាក់ ហើយបានទស្សនាដោយផ្ទាល់នៃតំបន់ឧក្រិដ្ឋជនការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះ៕


ដោយ៖ មករា





