ឯកឧត្តម នេត្រ ភក្ត្រា៖ សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងវិវត្តកាន់តែស្មុគស្មាញ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦-- ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិស្តីពីដំណើរការនៃសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១នៃសន្និសីទ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃសន្និសីទបានឱ្យដឹងថា សន្និសីទនេះមានការអញ្ជើញចូលរួមពី២៧ប្រទេស និងមានអង្គការអន្តរជាតិចំនួន៧ សរុបមានអ្នកចូលរួមប្រមាណជាង១.០០០នាក់។ សន្និសីទអន្តរជាតិនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងវិវត្តកាន់តែស្មុគស្មាញ។

បើតាមឯកឧត្តម នេត្រ ភក្ត្រា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯកឯងនោះទេ ប៉ុន្តែជាបញ្ហារួមរបស់សហគមន៍អន្តរជាតិ។ បណ្តាញឧក្រិដ្ឋកម្មបានប្រើប្រាស់មនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធហិរញ្ញវត្ថុខុសច្បាប់ ដើម្បីធ្វើសកម្មភាពឆ្លងកាត់ព្រំដែន។ ដូច្នេះ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះឱ្យទទួលបានជោគជ័យដោយឯកឯងនោះឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងកម្រិតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិនានាផងដែរ ហើយតាមរយៈបទពិសោធន៍ជាក់ស្តែង គឺកម្ពុជាទទួលស្គាល់ថា ការបង្ក្រាបទីតាំងឆបោក គឺជាវិធានការចាំបាច់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ។ ដើម្បីឈានទៅបញ្ចប់ឧក្រិដ្ឋកម្មនេះ យើងត្រូវរួមគ្នាកាត់ផ្តាច់ខ្សែច្រវាក់ទាំងមូល ចាប់ពីការជួញដូរ ការចាប់បង្ខំមនុស្សឲ្យធ្វើការ ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ រហូតដល់លំហូរហិរញ្ញវត្ថុខុសច្បាប់ ដែលជាប្រភពគាំទ្រសកម្មភាពឧក្រិដ្ឋកម្ម។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា សន្និសីទអន្តរជាតិដែលកម្ពុជារៀបចំឡើងនេះមិនមែនគ្រាន់តែជាវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហា ឬក៏ការផ្លាស់ប្តូរទស្សនៈនោះទេ ប៉ុន្តែជាវេទិកាដើម្បីប្រមូលផ្តុំឆន្ទៈ ការប្តេជ្ញាចិត្ត និងបទពិសោធន៍របស់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តជាក់ស្តែង។ នេះជាស្មារតីស្នូលនៃសន្និសីទ ការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលត្រូវការកិច្ចសហការឆ្លងដែន ការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ការបង្ក្រាបត្រូវដើរទន្ទឹមនឹងការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម ហើយការប្តេជ្ញាចិត្តត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងលទ្ធផលដែលអាចវាស់វែងបាន។ កម្ពុជាចង់ឃើញសន្និសីទនេះក្លាយទៅជាជំហានដ៏សំខាន់មួយក្នុងការជម្រុញការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅសកម្មភាពរួម ដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្ម និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សន្និសីទអន្តរជាតិដែលប្រព្រឹត្តទៅនេះគឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរួម មិនមែនត្រឹមតែកម្ពុជាទេ ក៏ប៉ុន្តែគឺមានការចូលរួមពីសហគមន៍អន្តរជាតិនៅក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនដល់សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅបណ្តាប្រទេសជាច្រើន៕
ដោយ៖ ចាន់ សុភឿន





