នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលចុះប្រតិបត្តិការជាបន្ទាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងត្រៀមសង្គ្រោះជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់ឱ្យលោកវរសេនីយ៍ឯក ប៉ោន សីហា មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ បញ្ជូនកម្លាំងចុះប្រតិបត្តិការបន្ទាន់នៅតាមតំបន់ប្រជាពលរដ្ឋរស់នៅក្បែរមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រប៉ុស្តិ៍អូរជ្រៅ ក្បាលស្ពាន និងបុរីថ្មី នៃក្រុងប៉ោយប៉ែត ដែលកំពុងទទួលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។

ប្រតិបត្តិការរបស់កម្លាំងនគរបាលផ្តោតសំខាន់ លើការចុះណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ តាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈសម្រាប់ការសង្គ្រោះ និងជម្លៀសក្នុងករណីទឹកជំនន់កើនឡើងខ្លាំង។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏ត្រូវត្រៀមសម្ភារៈ មធ្យោបាយ និងកម្លាំងគ្រប់ប្រភេទ ដើម្បីអាចចេញអន្តរាគមន៍បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានគូសបញ្ជាក់ថា ការងារបង្ការ ទប់ស្កាត់ និងសង្គ្រោះ គឺជាភារកិច្ចសំខាន់របស់កងកម្លាំងនគរបាល ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងស្ថានភាពមានហានិភ័យពីគ្រោះធម្មជាតិ។ ក្នុងករណីតំបន់ណាមួយរងការលិចលង់ធ្ងន់ធ្ងរ កម្លាំងនគរបាលត្រូវត្រៀមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួល ឬទីតាំងមានសុវត្ថិភាព ព្រមទាំងជួយការពារនិងសង្គ្រោះទ្រព្យសម្បត្តិ និងសត្វពាហនៈរបស់ប្រជាពលរដ្ឋតាមលទ្ធភាព។

លោកស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ជាពិសេសកងកម្លាំងវរសេនាតូចទាំង៤ និងកងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ឱ្យត្រៀមខ្លួនជាប់ជាប្រចាំ និងចាត់វិធានការសង្គ្រោះឱ្យបានឆាប់រហ័ស នៅពេលមានស្ថានភាពបន្ទាន់។ លោកបានសង្កត់ធ្ងន់ថា ក្នុងការងារសង្គ្រោះ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ រួមមាន មនុស្សចាស់ ជនមានពិការភាព អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបង្ការនិងកាត់បន្ថយហានិភ័យដែលអាចកើតមានដោយយថាហេតុ។
ទន្ទឹមនឹងការដាក់កម្លាំងត្រៀមអន្តរាគមន៍ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរ តំបន់ទំនាប និងទីតាំងដែលមានហានិភ័យពីជំនន់ទឹកភ្លៀង ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពទឹកជាប្រចាំ។

លោកបានណែនាំថា ប្រសិនបើមានស្ថានភាពចាំបាច់ ឬកើតមានហានិភ័យដល់អាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងដែលនៅជិតបំផុត ដើម្បីអាចចេញអន្តរាគមន៍ និងសង្គ្រោះបានទាន់ពេលវេលា។
ការចុះប្រតិបត្តិការត្រៀមបង្ការ និងសង្គ្រោះរបស់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងពេលដែលតំបន់មួយចំនួននៃក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀង ដោយផ្តោតលើគោលការណ៍ ការពារជីវិតជាចម្បង ត្រៀមជម្លៀសឱ្យទាន់ពេល និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





