អភិបាលរងខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន មិនទុកនរណាម្នាក់ចោល
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសាររបស់ពួកគេ ដោយមិនទុកឱ្យបុគ្គលណាម្នាក់ប្រឈមបញ្ហាដោយឯកឯងនោះឡើយ។

លោកបានបញ្ជាក់ថា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងខិតខំជួយដោះស្រាយការលំបាកនានារបស់អតីតយុទ្ធជន និងនិវត្តជន តាមរយៈការផ្តល់ការគាំពារ និងជំនួយជាក់ស្តែង ដើម្បីឱ្យពួកគេទទួលបានភាពកក់ក្តៅ និងមានជីវភាពកាន់តែប្រសើរ។
លោក ឃ្លោក នួយ បានថ្លែងដូច្នេះ ក្នុងឱកាសតំណាងឯកឧត្តម អ៊ុ រាត្រី ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះទៅប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលបានទទួលមរណភាពនាពេលកន្លងមក ចំនួន ៦គ្រួសារ ក្នុងនោះ ៣គ្រួសាររស់នៅក្នុងស្រុកមង្គលបូរី និង ៣គ្រួសារទៀតស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានលើកឡើងថា ការផ្តល់ថវិកាបេឡាមរណសង្គ្រោះនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំពោះសមាជិក និងក្រុមគ្រួសាររបស់ពួកគេ ជាពិសេសនៅពេលជួបប្រទះនូវការបាត់បង់សមាជិកគ្រួសារ។
លោកបានបន្តថា ការគាំពារដល់អតីតយុទ្ធជន និងនិវត្តជន មិនមែនមានត្រឹមតែការជួយនៅពេលពួកគេជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការទទួលស្គាល់ចំពោះគុណបំណាច់ និងការលះបង់របស់ពួកគេក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិ។ ដូច្នេះ ការផ្តល់អត្ថប្រយោជន៍ និងការគាំពារផ្នែកសង្គមផ្សេងៗ គឺជាផ្នែកមួយនៃការថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន និងនិវត្តជន។

លោក ឃ្លោក នួយ ក៏បានលើកឡើងថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានស្ថានភាពជីវភាព និងតម្រូវការរបស់សមាជិកនៅតាមមូលដ្ឋាន ព្រមទាំងបន្តអនុវត្តគោលនយោបាយគាំពារ និងជួយដោះស្រាយការលំបាករបស់ពួកគេឱ្យបានទាន់ពេលវេលា។
សម្រាប់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពទាំង ៦គ្រួសារ ក្នុងឱកាសនេះ ក្នុងមួយគ្រួសារទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល សរុបថវិកាចំនួន ២៤លានរៀល។
ការផ្តល់ថវិកាបេឡាមរណសង្គ្រោះនេះ បានចូលរួមសម្រាលបន្ទុកមួយផ្នែកដល់ក្រុមគ្រួសារសព ក្នុងពេលដែលកំពុងជួបប្រទះការលំបាកដោយសារការបាត់បង់សមាជិកគ្រួសារ និងជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសាររបស់ពួកគេនៅគ្រប់មូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





