គ្រូបង្គោលកម្ពុជាប្តេជ្ញាចង់ឈ្នះពាន Division 2 FIFA ASEAN CUP 2026 ដើម្បីមានឱកាសឡើងទៅលេង Division 1 រដូវកាលក្រោយ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--
លោក Koji Gyotoku គ្រូបង្គោលកម្ពុជា ដែលជាជនជាតិជប៉ុនបានលើកឡើងថា ការជ្រើសរើសធនធានកីឡាករជម្រើសជាតិលើកនេះមានរយៈពេលខ្លីណាស់ ប៉ុន្តែលោកចង់ឱ្យក្រុមកម្ពុជាធ្វើបានល្អ ដោយចង់ឈ្នះពានរង្វាន់ FIFA ASEAN CUP 2026 Division 2 ហើយអាចឡើងទៅលេងនៅកម្រិតទី១ (Division 1) FIFA ASEAN CUP នារដូវកាលក្រោយ។

ការលើកឡើងរបស់គ្រូបង្គោលរូបនេះបានធ្វើឡើងនៅក្នុងឱកាសហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ត្រៀមត្រៀមការប្រកួតពានរង្វាន់ FIFA ASEAN CUP 2026 បន្ទាប់ពីប្រកាសបញ្ជីជាផ្លូវការចំនួន២៣នាក់។ ក្រុមកម្ពុជាស្ថិតនៅក្នុង ពូល B ការប្រកួតកម្រិតទី២-Division 2 ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិន។
FIFA ASEAN CUP 2026 ត្រូវបានបែងចែកជា២កម្រិត ដោយកម្រិតទី១ មានក្រុមចំណាត់ថ្នាក់ពិភពលោកខ្ពស់ៗជាងចំនួន៦ ក្នុងតំបន់អាស៊ាន រួមទាំងក្រុមអាស៊ីចំនួន២ គឺបង់ក្លាដែស និងប៉ាគីស្ថាន សរុប៨ក្រុម ខណៈកម្រិតទី២ Division 2 មានចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) ទាបៗចំនួន៥ក្នុងអាស៊ាន បូកក្រុមហុងកុង សរុប៦ក្រុម។

សម្រាប់ FIFA ASEAN CUP Division 2 នេះមាន៦ប្រទេស ចែកជា ២ពូល គឺពូល A ម្ចាស់ផ្ទះ ហុងកុង, ឡាវ និងព្រុយណេ ខណៈពូល B មានក្រុមមីយ៉ាន់ម៉ា ទីម័រខាងកើត និងក្រុមកម្ពុជា។ ២ប្រកួតរបស់ក្រុមកម្ពុជា ក្នុងពូល B គឺប៉ះក្រុម មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែកញ្ញា និងប៉ះក្រុមទីម័រខាងកើត នាថ្ងៃទី៣០ ខែកញ្ញា នៅកីឡដ្ឋាន Kai Tak Stadium ទីក្រុងហុងកុង។ ចំពោះវគ្គផ្តាច់ព្រ័ត្រ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលA នឹងត្រូវប្រកួតដណ្តើមជើងឯកជាមួយក្រុមលេខ១ពូល B នាថ្ងៃទី០៣ ខែតុលាខាងមុខ។

គួរបញ្ជាក់ថា ការប្រកួត FIFA ASEAN Cup ឆ្នាំ២០២៦ គឺជាការប្រកួតលើកដំបូងបង្អស់នៃព្រឹត្តិការណ៍ FIFA ASEAN Cup ដែលជាការប្រកួតបាល់ទាត់អន្តរជាតិទទួលស្គាល់ដោយ FIFA សម្រាប់ក្រុមជម្រើសជាតិបុរសមកពីតំបន់អាស៊ីអាគ្នេយ៍ និងក្រុមភ្ញៀវ៕
ដោយ ហេង ណាលីន (រូបភាព៖ FFC)





