សារធាតុកូកាអ៊ីនជាង ៥៨គីឡូក្រាមត្រូវបានរឹបអូសនៅភាគខាងត្បូងប្រទេសអាល់ហ្សេរី
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិអាល់ហ្សេរីបានចេញសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាល់ហ្សេរីបានរឹបអូសយកសារធាតុញៀនប្រភេទកូកាអ៊ីន (cocaine) ទម្ងន់ជាង៥៨គីឡូក្រាម និងបានចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅខេត្តតាម៉ាន់រ៉ាសសេត ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេស កាលពីថ្ងៃចន្ទ។
ប្រតិបត្តិការនេះត្រូវបានអនុវត្តន៍ដោយកងកម្លាំងចម្រុះនៃកងទ័ពជាតិប្រជាជន (ANP) ក្រោមការគ្រប់គ្រងរបស់តំបន់យោធានៃខេត្តតាម៉ាន់រ៉ាសសេត ក្នុងតំបន់យោធាទី៦។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សារធាតុញៀនកូកាអ៊ីនទាំងនោះត្រូវបានលាក់ទុកយ៉ាងជិតនៅក្នុងរថយន្តដឹកទំនិញធុនធំចំនួន ២គ្រឿង។
ការរឹបអូសនេះបានធ្វើឡើងប្រហែលមួយខែបន្ទាប់ពីកងទ័ពបានរឹបអូសយកសារធាតុកូកាអ៊ីនទម្ងន់ ៣១គីឡូក្រាម និងចាប់ខ្លួនមនុស្ស ៣នាក់នៅខេត្តខេត្តតាម៉ាន់រ៉ាសសេត ខណៈដែលនៅថ្ងៃទី២៦ ខែកក្កដា កងទ័ពក៏បានរឹបអូសយកកូកាអ៊ីនជាង ៤៥គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៥នាក់នៅក្នុងខេត្តអាដរ៉ា ខេត្តបេចា និងខេត្តទីមីមួន។
យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ កងទ័ព ANP បានរឹបអូសយកកូកាអ៊ីនទម្ងន់ ៧៣០,៤៦គីឡូក្រាម និងបានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ១.០៩២នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





