អាហ្វហ្គានីស្ថានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងទូទាំងប្រទេស ដោយកំណត់គោលដៅលើកុមារចំនួន ១២,៧លាននាក់
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទក្រសួងសុខាភិបាលសាធារណៈរបស់អាហ្វហ្គានីស្ថានបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង (polio) ទូទាំងប្រទេសដោយមានគោលបំណងផ្តល់វ៉ាក់សាំងដល់កុមារអាយុក្រោម ៥ឆ្នាំចំនួនជាង១២,៧ លាននាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា យុទ្ធនាការនេះគ្រោងនឹងដំណើរការចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ (និងបន្តរហូតដល់ថ្ងៃសុក្រសម្រាប់ខេត្តភាគខាងត្បូង) ដោយនឹងមានការផ្តល់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងប្រភេទលេប (oral vaccine) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ។
លោក សារ៉ាហ្វាត ហ្សាម៉ាន់ អាម៉ាឃីល (Sharafat Zaman Amarkhil) អ្នកនាំពាក្យក្រសួង បានអំពាវនាវដល់មេដឹកនាំកុលសម្ព័ន្ធអ្នកប្រាជ្ញសាសនា និងអាណាព្យាបាលកុមារ ឱ្យសហការយ៉ាងពេញលេញជាមួយបុគ្គលិកសុខាភិបាល ដើម្បីធានាឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ប្រទេសអាហ្វហ្គានីស្ថានបានកត់ត្រាករណីឆ្លងវីរុសស្វិតដៃជើងប្រភេទធម្មជាតិ (wild poliovirus type 1 ឬ WPV1) ចំនួន ២៥ករណី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





