បទយកការណ៍៖ យុវជន និងប្រជាពលរដ្ឋ គាំទ្ររាជរដ្ឋាភិបាល ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- ស្របពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ដែលនឹងធ្វើឡើង នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញនោះ យុវជន ក៏ដូចជាប្រជាពលរដ្ឋ បានអបអរសាទរ និងសម្ដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិកាអន្ដរជាតិដ៏មានសារៈសំខាន់នេះ ដើម្បីបង្ហាញដល់អន្តរជាតិ និងបណ្តាប្រទេសនានានៅលើសកលលោកបានឃើញថា កម្ពុជា ជាប្រទេសមួយដែលកំពុងរងគ្រោះពីបញ្ហា Online Scam មួយនេះយ៉ាងពិតប្រាកដ ហើយកម្ពុជា ក៏កំពុងសហការជាមួយបណ្ដាប្រទេសផ្សេងទៀត ដើម្បីសហការរួមគ្នាកាត់ផ្តាច់ច្រវាក់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏គ្រោះថ្នាក់មួយនេះ។

ចំពោះបញ្ហាស្គេមអនឡាញនេះ គឺជាបញ្ហាស្មុគ្រស្មាញប្រទាក់ក្រឡាគ្នា ដែលមានបណ្តាញអង្គការចាត់តាំងពីប្រទេសមួយទៅប្រទេសមួយទៀត និងជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។ ដោយមើលឃើញពីបញ្ហានេះហើយ ទើបប្រមុខរាជដ្ឋាភិបាល បានសម្រេចរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង ក្នុងគោលដៅដើម្បីប្រមូលនូវមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្រ្តីអនុវត្តន៍ច្បាប់ មកអង្គុយជាមួយគ្នា ធ្វើការពិភាក្សា និងការលើកជាទស្សនៈទានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ជាមួយគ្នានេះដែរ ដោយសារតែការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្ម ព្រោះថា ការប្រយុទ្ធប្រឆាំងបទល្មើសសកលនេះ គឺទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង ខណៈការខកខានរបស់ភាគីណាមួយ នឹងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហារួមនេះ។

បើគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ គឺមានរយៈពេលជាង១ឆ្នាំមកហើយ ពោលគឺមុនសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចាប់ផ្ដើម សកម្មភាពបង្រ្កាប និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ រាជរដ្ឋាភិបាលនៅតែខិតខំបន្ត ដោយអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ បង្ក្រាប និងរៀបចំនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីកម្ពុជា។

កញ្ញា លី សៀកជូ ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញបានបង្ហាញនូវគំនិតគាំទ្រចំពោះសន្និសីទអន្ដរជាតិនេះ ព្រោះជាចំណុចមួយល្អដែលកម្ពុជា បានបើកបង្ហាញ និងផ្ដល់ជាសារមួយដល់អន្តរជាតិឱ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់នៃក្រុមជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន ដែលនៅតែបង្កប់ធ្វើសកម្មភាពក្នុងប្រទេសកម្ពុជា។ និស្សិតរូបនេះបានបន្ដថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្ដរជាតិនេះ កម្ពុជា នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសហការជាមួយប្រទេសជាមិត្ដនានា អង្គការអន្ដរជាតិ ក្នុងការរួមគ្នាចូលរួមកម្ចាត់ជនល្មើសទាំងនេះឱ្យអស់ពីទឹកដីរបស់ខ្លួន។ កញ្ញា លី សៀកជូ បាននិយាយឱ្យដឹងទៀតថា៖ «បទល្មើសឆបោកតាមអនឡាញនេះ គឺជាបញ្ហាដ៏ស្មុគស្មាញ ប្រទាក់ក្រឡាគ្នាពីកន្លែងមួយទៅកន្លែងមួយ មានបណ្តាញអង្គការចាត់តាំងឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ និងជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនមួយដ៏ធំ។ ខ្ញុំជឿជាក់ថា កិច្ចសហការគ្នានេះ កម្ពុជា នឹងទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងការពង្រឹងសមត្ថភាព ឱ្យកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាប្រទេសផ្សេង ដើម្បីរួមគ្នាកម្ចាត់ជនល្មើសដែលបានលួចធ្វើសកម្មភាពទាន់ពេលវេលា ហើយក្រុមនេះ ក៏មិនហ៊ានឈានចូលទឹកដីកម្ពុជាបន្តទៀត។»

ដោយមើលឃើញពីសកម្មភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការបង្រ្កាបបទល្មើស និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ លោក ហែម គន្ធី ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ការរៀបចំសន្និសីទនេះ គឺជាចំណុចមួយល្អ ដែលបានឆ្លុះបញ្ចាំងពីយកចិត្ដទុកដាក់ ការប្ដេជ្ញាចិត្ដ និងកិច្ចសហការគ្នារវាងប្រទេសមួយទៅប្រទេសមួយទៀត ក៏ដូចជាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីរួមគ្នាក្នុងការចូលរួមលុបបំបាត់សកម្មភាពខុសច្បាប់ ស្កែមអនឡាញ ដែលបានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម រួមទាំងការបាត់បង់ថវិកា និងទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ។ លោកបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរនៅតាមរាជធានី ខេត្ដបានខិតខំប្រឹងប្រែងក្នុងការបង្រ្កាប និងប្រយុទ្ធប្រឆាំងនឹងស្កែមអនឡាញនេះ នៅទូទាំងប្រទេស ហើយជាក់ស្ដែង គឺទទួលបានលទ្ធផលល្អ ផ្ដល់នូវទំនុកចិត្ដដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគជាតិ-អន្ដរជាតិក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការប្រកបមុខរបរផ្សេងនៅក្នុងប្រទេស។លោក ហែម គន្ធី បាននិយាយបញ្ជាក់បន្ថែមថា៖ «ការរៀបចំសន្និសីទអន្ដរជាតិនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសរបស់យើង ដែលអាចបង្ហាញនូវការពិតជាក់ស្ដែងអំពីស្ថានភាពក្នុងប្រទសយើងជូនដល់ជូនដល់គណៈប្រតិភូដែលអញ្ជើញមកពីប្រទេសផ្សេងៗទៀត ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ជាពិសេសវេទិកានេះ ផ្ដល់នូវកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នា ដោយផ្ទាល់ ដើម្បីស្វែងរកយុទ្ធសាស្រ្ដនានា ក្នុងការរួមគ្នាបង្ក្រាបបទល្មើស និងកាត់ផ្ដាច់សង្វាក់ទំនាក់ទំនងរបស់ក្រុមឧក្រិដ្ឋជនស្កែមអនឡាញ កុំឱ្យមានសកម្មភាពបន្ដកើតមាននៅក្នុងប្រទេសរបស់យើង និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក»។

ចំណែក លោក សាវ ធីម ប្រធានសហគមន៍ភ្នំព្រះ ដែលមានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បាននិយាយឱ្យដឹងដែរថា លោកចង់មើលឃើញរាជរដ្ឋាភិបាលកម្ចាត់ក្រុមល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះពីព្រោះលោកមើលឃើញថា ក្រៅពីប៉ះពាល់ដល់មុខមាត់ប្រទេសជាតិហើយ វាក៏ប៉ះពាល់ដល់វិស័យទេសចរណ៍របស់កម្ពុជា ថែមទៀត។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងមក កម្ពុជាបានរងគ្រោះដោយសារក្រុមមនុស្សទាំងនេះ ដែលតែងតែយាយីអុកឡុក ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏មានអ្នករងគ្រោះបន្តបន្ទាប់ផងដែរ។ សកម្មភាពរបស់ពួកជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមិនត្រឹមតែមាននៅកម្ពុជា នោះទេ បើទោះបីប្រជាជន ដែលរស់នៅក្នុងប្រទេសផ្សេងទៀត និងនៅលើពិភពលោកក៏បាននិងកំពុងគំរាមកំហែងបញ្ហានេះស្ទើរតែដូចគ្នាផងដែរ»។

លោកប្រធានសហគមន៍ក៏បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះរាជរដ្ឋាភិបាល ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)នេះខ្លាំងណាស់ ព្រោះលោកមើលឃើញពីកិច្ចសហការរួមគ្នារវាងបណ្ដាប្រទេសផ្សេងៗជាមួយកម្ពុជា ក្នុងការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ លោក សាវ ធីម បានអះអាងបន្ថែមថា៖ «កន្លងមកនេះតាមខ្ញុំសង្កេត វិស័យទេសចរណ៍ក៏ទទួលរងប៉ះពាល់មួយចំនួនដែរដោយសារតែបញ្ហាក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ពីព្រោះថាជនបរទេសគេមិនសូវហ៊ានធ្វើដំណើរពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ដោយសារតែការព្រួយបារម្ភពីបញ្ហាស្កែមនេះ។ ជាក់ស្តែងនៅសហគមន៍របស់ខ្ញុំ បច្ចុប្បន្នបានធ្លាក់ចុះអ្នកទេសចរបរទេស ប៉ុន្ដែទៅជាសម្បូរតែភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ»។
ស្របពេលអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ តាមដាន និងឆែកឆេរយ៉ាងស្អិតរមួតលើគ្រប់ទីតាំងសង្ស័យទាំងអស់ ដោយមិនទុកឱ្យសល់សូម្បីតែមួយចន្លោះប្រហោងឡើយ។ រាជរដ្ឋាភិបាលនឹងប្រើវិធានការកណ្តាប់ដៃដែក ដើម្បីកាត់ផ្តាច់បណ្តាញ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ ដោយមិនទុកលំហរ ឬច្រកដកដង្ហើមឱ្យក្រុមឧក្រិដ្ឋជនឡើយ ព្រមទាំងសូមលើកទឹកចិត្តដល់សាធារណជន និងដៃគូទាំងអស់ ឱ្យចូលរួមផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍ បង្ក្រាប និងលុបបំបាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
សម្រាប់កម្ពុជា មិនត្រឹមតែវាយកម្ទេច ជម្រកចាស់ បំបែក និងកាត់ផ្តាច់បណ្តាញក្រុមឧក្រិដ្ឋជនឱ្យអស់ពីឫសគល់ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងពង្រឹងយន្តការច្បាប់កាន់តែតឹងរ៉ឹង បន្តបោសសម្អាតអំពើល្មើស បង្កើនការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យបានជាដាច់ខាតថាបទល្មើសឆបោកអនឡាញមិនកើតឡើងជាថ្មីឡើយ។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)បានឱ្យដឹងថា ក្នុងយុទ្ធនាការជាតិបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឡើងដោយកងកម្លាំងអនុវត្តន៍ច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅក្នុងរាជធានី-ខេត្តទាំង ២៥ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលក្នុងរយៈពេលប្រមាណ ១៤ ខែ នៃប្រតិបត្តិការជាប់ជាប្រចាំក្នុងការវាយសន្ធប់ និងកម្ទេចឫសគល់នៃបទល្មើសអនឡាញនេះ សមត្ថកិច្ចកម្ពុជា បានបង្រ្កាបចំនួន ៦៦៣ ទីតាំង ហើយក្នុងចំណោមនេះ សមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក(scam compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ សមត្ថកិច្ចកម្ពុជា បានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ ថវិកាជាង ៣០០លានដុល្លារអាម៉េរិក ក្នុងគណនីធនាគារ ត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់តំណាងអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជា កាលខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង ការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងការបង្កើតក្របខ័ណ្ឌច្បាប់សាយប័រជាប្រព័ន្ធ ខណៈកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនាខែកញ្ញានេះ ដើម្បីទាមទារកិច្ចសហការ និងឆន្ទៈនយោបាយពិតប្រាកដកម្រិតសកលក្នុងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់ភាគីចូលរួមយ៉ាងសកម្ម ព្រោះការប្រយុទ្ធប្រឆាំងបទល្មើសសកលនេះ ទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង ខណៈការខកខានរបស់ភាគីណាមួយ នឹងស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហារួមនេះ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ «កម្ពុជា បន្តបើកចំហជានិច្ចចំពោះគ្រប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសឆបោកអនឡាញវិលត្រឡប់មកវិញ និងដើម្បីលើកកម្ពស់តួនាទីកម្ពុជាក្នុងការរួមចំណែកកាន់តែខ្លាំងខ្លាថែមទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ និងនៅលើពិភពលោក»។
ទន្ទឹមនឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបាននិងកំពុងពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្តិបន្ថែមទៀត រួមមានសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ, សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន និងបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសកម្មនិម្មិត ជាដើម។ ការកសាង និងពង្រឹងច្បាប់ជាប្រព័ន្ធនេះដ៏រឹងមាំនេះ ស្តែងពីឆន្ទៈនយោបាយ និងភាពបុរេសកម្មរបស់កម្ពុជា ក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសទាំងនេះមិនឱ្យកើតឡើងនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច-សង្គម។
ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានអះអាងផងដែរថា៖ «គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨ កាស៊ីណូ ត្រូវបានកំណត់មុខសញ្ញា និងដកហូតអាជ្ញាបណ្ណ ចំណែកឯ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកនិងប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ»។
តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់លើកាស៊ីណូចំនួន ២៧ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះបានដកហូតអាជ្ញាបណ្ណចំនួន ១៨ កាស៊ីណូ និងព្យួរអាជ្ញាបណ្ណចំនួន ៩ កាស៊ីណូ។ ជាងនេះ សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះកាស៊ីណូណាដែលប្រព្រឹត្តសកម្មភាពល្បែងស៊ីសង ឬភ្នាល់តាមអនឡាញ (Online Gambling / Online Sports Betting) ដោយខុសច្បាប់។
ថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បញ្ហាស្កែម វាជារឿងបន្ទាត់ក្រហម គ្មានការលើកលែងឡើយ ហើយ ស្កែម (Scams) កើតតែនៅតំបន់មួយទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់ប្រទេសជាតិ និងប៉ះពាល់ដល់ទេសចរណ៍។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ «ស្កែមអនឡាញត្រូវតែបន្តបង្ក្រាបមិនឱ្យកើតឡើងវិញទេ។ អាជ្ញាធរត្រូវតែបន្តចុះបង្ក្រាប កុំខ្លាចថាប៉ះពាល់អ្នកណា ដោយធ្វើគោរពតាមច្បាប់»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានស្នើសុំដល់ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គណៈកម្មាធិការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា សហការគ្នាទប់ស្កាត់ស្កែមអនឡាញ ល្បែងអនឡាញ ហើយល្បែងអនឡាញនេះ បើយើងគ្រប់គ្រងមិនបានទេ គឺបង្កគ្រោះថ្នាក់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយទេសចរណ៍ឡើងវិញ សម្រាប់ខេត្តដែលធ្លាប់បានទទួលផលប៉ះពាល់ពីស្កែមអនឡាញនេះ ដើម្បីជំរុញធ្វើឱ្យសេដ្ឋកិច្ចទាំងនោះដំណើរការឡើងវិញ។
ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមឱ្យដឹងថា៖ «ការបោសសម្អាតស្កែមអនឡាញ ត្រូវបន្តដំណើរការ មិនថយក្រោយឡើយ។ កម្ពុជា មិនត្រូវការពឹងផ្អែកទៅលើសេដ្ឋកិច្ចពីកាស៊ីណូនោះទេ ឬក៏អនឡាញស្កែមនោះទេ។ យើងត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ចផ្សេងទៀតដែលយើងមានច្រើនណាស់ សូម្បីតែសុខាភិបាលក៏ជាជំនួញមួយដែរ វិស័យឯកជនដែលវិនិយោគក៏ជាអាជីវកម្ម.. ដែលអាជីពទាំងអស់នេះគឺជាការចិញ្ចឹមសេដ្ឋកិច្ចរបស់ជាតិយើង។ បើត្រូវរើស យើងត្រូវរើសអ្វីដែលជាផលប្រយោជន៍ធំសម្រាប់ជាតិយើងជាយូរអង្វែង។»
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងផងដែរថា ជាក់ស្តែងនៅថ្ងៃទី២៣ ខែកញ្ញានេះ កម្ពុជា នឹងរៀបចំសន្និសីទអន្តរជាតិមួយស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ដោយសារតែនៅក្នុងរយៈពេលតែប៉ុន្មានខែប្រែក្លាយពីប្រទេសមួយដែលគេចោទប្រកាន់អំពីស្កែម មកជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថា កម្ពុជា បានធ្វើជោគជ័យ ហើយអន្តរជាតិសហការជាមួយកម្ពុជា ក្នុងការរៀបចំសន្និសីទនោះឡើង។
សូមជម្រាបជូនថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នាចំពោះការគំរាមកំហែងជាសកលនេះ៕
ដោយ៖ មករា, ទេស ច័ន្ទសុធារី និង រិទ្ធី





