សហជីពធំៗនៅកម្ពុជា ជំរុញឱ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលកំពុងធ្វើយុទ្ធនាការរឿងប្រាក់ឈ្នួលគួរធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលនៅស្រីលង្កា បង់ក្លាដេសជាដើមឲ្យមានប្រាក់ខែខ្ពស់ស្មើកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦--តំណាងសហជីពធំៗនៅកម្ពុជា បានចេញមុខស្នើសុំយ៉ាងទទូចដល់អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាឱ្យឡើងដល់ ២៥០ ដុល្លារអាមេរិក ឱ្យជួយបង្វែរគោលដៅទៅធ្វើយុទ្ធនាការទាមទារនៅបណ្តាប្រទេសផ្សេងៗវិញដូចជា ប្រទេសបង់ក្លាដេស និងស្រីលង្កាជាដើម។
ការស្នើនេះ គឺដោយសារតែប្រទេសទាំង នោះបច្ចុប្បន្ន មានកម្រិតប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជានៅឡើយ។ ដូច្នេះបើអង្គការទាំងនោះមានបំណងចង់ជួយដល់កម្មករនិយោជិតពិតប្រាកដមែន គួរតែជួយជំរុញឱ្យប្រាក់ឈ្នួលនៅប្រទេសទាំងនោះឡើងខ្ពស់ប្រហាក់ប្រហែលនឹងកម្ពុជា ដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពកម្មករនិយោជិតក្នុងតំបន់ដោយស្មើភាព។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងការរិះគន់ចំៗទៅលើសកម្មភាពរបស់ក្រុមសង្គមស៊ីវិលទាំងនោះយ៉ាងដូច្នេះថា ប្រសិនបើសង្គមស៊ីវិល និងអង្គការអន្តរជាតិទាំង នោះ ពិតជាមានបំណងចង់ជួយលើ កកម្ពស់ជីវភាពកម្មករដោយបេះដូងបរិសុ ទ្ធមែននោះ គួរតែជួយទៅធ្វើយុទ្ធនាការនៅប្រទេសបង់ក្លាដេស ឬស្រីលង្កា ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា។
លោកបន្តថា ការមកប្រមូលផ្តុំទាមទារតួលេខមួយតាមតែចិត្តនឹកឃើញនៅកម្ពុជា ដោយគ្មានការសិក្សាស្រាវជ្រាវ ឬមានភស្តុតាងវិទ្យាសាស្ត្រណាមួយមកបញ្ជាក់ឱ្យបានច្បាស់លាស់ គឺជារឿងមិនត្រឹមត្រូវឡើយ។ ប្រសិនបើពួកគាត់មិនអាចបង្ហាញរបាយការណ៍សិក្សាជាក់លាក់ជុំវិញតួលេខនេះទេ វាស្តែងឱ្យឃើញយ៉ាងច្បាស់ថា ពួកគេកំពុងមានរបៀបវារៈ ឬចេតនាអាក្រក់មកលើស្ថេរភាពសេដ្ឋកិច្ច និងវិស័យវាយនភណ្ឌរបស់កម្ពុជាយើងហើយ»។
ស្របពេលជាមួយគ្នានេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ក៏បានលើកឡើងថា កម្ពុជាមិនអាចបណ្តោយឱ្យយុទ្ធនាការដែលគ្មានមូលដ្ឋានបច្ចេកទេស មកបំផ្លាញឱកាសការងាររបស់បងប្អូនកម្មករនោះទេ។ បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាមានកម្រិតខ្ពស់ជាងប្រទេសដៃគូប្រកួតប្រជែងជាច្រើនក្នុងតំបន់រួចទៅហើយ។
លោកបន្ថែមថា៖«បើចង់ពួកគាត់ចង់ជួយកម្មករពិតប្រាកដមែន ហេតុអ្វីមិនទៅជួយធ្វើយុទ្ធនាការដំឡើងប្រាក់ ឈ្នួលនៅប្រទេសបង់ក្លាដេស និងស្រីលង្កាឱ្យបានខ្ពស់ប្រហាក់ប្រហែលនឹងកម្ពុជាដែរ? ការធ្វើបែបនេះទើបហៅថា ការជួយប្រកបដោយសមធម៌ មិន មែនមកបង្កើតសម្ពាធតែលើកម្ពុជា ខណៈប្រទេសដទៃទៀតមានប្រាក់ឈ្នួលទាប។ បើគ្មានការសិក្សាត្រឹមត្រូវទេ យើងមានសិទ្ធិសង្ស័យលើចេតនារបស់ពួកគេចំពោះប្រទេសជាតិយើង»។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំសហជីពទាំង ពីរក៏បានទាមទារឱ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនោះ បង្ហាញនូវភស្តុតាងនៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលមានអំណះអំណាងច្បាស់លាស់ទៅលើតួលេខ ២៥០ដុល្លារដែលពួកគេបានទាមទារ។ សហជីពបានសង្កត់ធ្ងន់ថា ប្រសិនបើការទាមទារនេះធ្វើឡើងដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រ និងការសិក្សាត្រឹមត្រូវទេ នោះបង្ហាញថា ពួកគេអាចនឹងមានចេតនាអាក្រក់ក្នុងការបង្ខូចបរិយាកាសវិនិយោគនៅកម្ពុ ជា៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





