ក្រសួងការងារ នាំឱកាសការងារ ២ ៤១២កន្លែង ចុះដល់មូលដ្ឋានស្រុកអង្គរជ័យ ជួយប្រជាពលរដ្ឋរកការងារ និងបង្កើនប្រាក់ចំណូល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦---
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រីកលទ្ធ ភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ "ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ" មានប្រជាពលរដ្ឋជិត ៤០០នាក់ចូលរួម ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង នៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។
ការនាំយកឱកាសការងារចំនួន ២ ៤១២កន្លែង មកដល់មូលដ្ឋាននេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋចុះឈ្មោះ និងសម្ភាសការងារដោយផ្ទាល់ ព្រមទាំងជួយសន្សំសំចៃពេលវេលា និងថវិកា ដោយមិនចាំបាច់ធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯង។


ឯកឧត្តមបានលើកឡើងថា ការងារក្នុងស្រុកក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ក៏មានការគាំពារពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ថែទាំសុខភាព និងសោធន ព្រមទាំងអាចឱ្យប្រជាពលរដ្ឋនៅក្បែរគ្រួសារយ៉ាងកក់ក្ដៅ។ ចំណែកការធ្វើចំណាកស្រុកនៅប្រទេសថៃ អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព អំពើហិង្សា ជាពិសេសការរើសអើង និងការរស់នៅឆ្ងាយពីគ្រួសារ។ ចំពោះអ្នកមានបំណងទៅធ្វើការក្រៅប្រទេស ក្រសួងលើកទឹកចិត្តឱ្យធ្វើចំណាកស្រុកតាមផ្លូវស្របច្បាប់ មានការគាំពារ និងប្រាក់ខែខ្ពស់។


ទន្ទឹមនេះ អតីតពលករ និងយុវជនអាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ តាមកម្មវិធី TVET ១,៥លាន ជាមួយម៉ោងសិក្សាបត់បែននិងមានច្រើនជម្រើស ដូចជា សំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងសេវាកម្មសម្អាងកាយ ដើម្បីយកជំនាញទៅបង្កើតមុខរបរ ឬស្វែងរកការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។
ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរ ដ្ឋបន្តផ្សព្វផ្សាយព័ត៌មានទាំងនេះទៅកាន់គ្រួសារ សាច់ញាតិ និងមិត្តភក្តិ ហើយអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានការងារ និងការរៀនជំនាញ ឬ លេខ ១២៨៦ ផ្នែកសេវា ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារសរុបចំនួន ២ ៤១២កន្លែង ក្នុងវេទិកានេះ ត្រូវបានផ្ដល់ជូនដោយ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ នៅខេត្តកំពត ព្រមទាំងក្រុមហ៊ុន មង្គល អេចអរ ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





