ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវចំនួន៣ខ្សែ និងសំណង់សិល្បការ្យ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅលើខ្សែផ្លូវចំនួន៣ខ្សែ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

ខ្សែទី១-ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៣.០០គ.ម. ទទឹង៦ម៉ែត្រ ចាប់ផ្ដើមពីខ្លោងងទ្វារវត្តភ្នំចចកក្នុងភូមិកែវចំរើន ឆ្លងកាត់ ឈើនៀងខ្ពស់ ទៅដល់ភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ៤២១គ្រួសារ ស្មើនឹង ១៥ ៥០៥នាក់។ ផ្លូវនេះអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែធ្នូ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦នេះ។ ខ្សែទី២- ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុង មានប្រវែងសរុប ៦,០៥២គ.ម. ទទឹង ៥ម៉ែត្រ ចិញ្ចើមម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីសាលាឃុំជើងគួន ទៅដល់ភូមិអង្គចង្អេរ ឃុំជើងគួន ស្រុកសំរោង ដោយឆ្លងកាត់ភូមិចំនួន ៦ភូមិ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០០៤គ្រួសារ ស្មើនឹង ៤ ៥៣៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១០ ០៧៤នាក់។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៥ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៥៣% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦នេះ។ ខ្សែទី៣- ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុង មានប្រវែងសរុប ៩,០១២គ.ម. ទទឹង ៦ម៉ែត្រ ចិញ្ចើមម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងឃុំលំចង់ ស្រុកសំរោង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៣ ក្នងឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដោយឆ្លងកាត់ភូមិចំនួន ៨ភូមិ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៦៨៤គ្រួសារ ស្មើនឹង ៧ ៥២២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២១ ២២២នាក់។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៥ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។ ខ្សែផ្លូវទី២ និងទី៣នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកទទួលផលនៅក្នុងមូលដ្ឋាន ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។

ឯកឧត្តម បានណែនាំដល់អ្នកទទួលការសាងសង់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងដើម្បីធានាបានគុណភាពផ្លូវក្រោយពេលបញ្ចប់ការស្ថាបនា និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែងនិង សំណូលពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ សូមចូលរួមថែទាំនូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស យូរអង្វែងចាត់ទុកដូចជារបស់នៃខ្លួន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





