ឯកឧត្តម ឈា ប៊ុនរិទ្ធ និងក្រុមការងារអញ្ជើញនាំយកអំណោយទៅជូនកងទ័ពការពារព្រំដែនទិសខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ចំណុះឱ្យយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

អំណោយដែលប្រគល់ជូន រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន រួមមាន៖ អង្ករ, មីសួរ, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ឆៃប៉ូវ, ត្រីងៀត, សាច់ក្រកជ្រូក, កាហ្វេ, អូវ៉ាន់ទីន, កៅស៊ូតង់, ប្រេងឆា ព្រមទាំងថវិកាមួយចំនួនទៀត ដើម្បីចូលរួមសម្រួល និងឆ្លើយតបចំពោះតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពនៅសមរភូមិមុខ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងអស់។


ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវកតញ្ញូតាធម៌ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់ខ្ពស់របស់កងទ័ព ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈមោះមុត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពជូនមាតុភូមិ។

ឯកឧត្តមបានបន្ថែមថា សកម្មភាពចុះសួរសុខទុក្ខនាពេលនេះ មិនត្រឹមតែជាការនាំយកជំនួយឧបត្ថម្ភសម្ភារជូនដល់កងទ័ពជួរមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាពឥតងាករេ និងភាពជាធ្លុងមួយនៃប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា «សមរភូមិក្រោយ តែងតែនៅជាប់ជាមួយសមរភូមិមុខជានិច្ច» ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនកម្ពុជាទូទាំងប្រទេស រង់ចាំជួយលើកទឹកចិត្ត និងគាំទ្រគ្រប់បែបយ៉ាងដល់កងកម្លាំងជួរមុខគ្រប់ពេលវេលា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





