ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនពលរដ្ឋរងគ្រោះពីការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ
AKP កំពង់ចាម ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំឆ្នាំ២០២៦-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដែលត្រូវរុះរើផ្ទះសម្បែង ក្រោមរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន២៣គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមរួមមាន ឃុំឫស្សីស្រុក កោះអណ្តែត ព្រែកពោធិ៍ និងឃុំមានជ័យ ដែលមានទីតាំងជាប់ដងទន្លេមេគង្គ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរពីសំណាក់ សម្តេចនាយករដ្ឋមន្ត្រី ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ គិតគូរខ្ពស់ជាមួយក្រុមគ្រួសាររងគ្រោះ ដោយនាំជាស្បៀង សម្ភារៈ ថវិកា ទៅឧបត្ថម្ភ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។


ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់តាមដាននូវគ្រប់សកម្មភាពដែលបង្កដោយគ្រោះធម្មជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការគ្រប់គ្រងគ្រោះមហន្តរាយ និង ឆ្លើយតបបានទាន់ពេលវេលា។ សូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំង ក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការ ការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផងដែរ។


សូមបញ្ជាក់ថា អំណោយសម្តេចមហាបវរធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្តល់ជូនពលរដ្ឋទាំង២៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គក្រ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ១កេស តង់១ ឃីត១សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ម៉ឺនរៀល៕
ដោយ ឆាយ ម៉ុត





