ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងស.ស.យ.ក. សហការជាមួយក្រុមហ៊ុន Yeo's ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- ក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញដោយក្តីអាណិតអាសូរ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ សួនសុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជាភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំទាំង៦ភូមិ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។

សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះគឺជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនទឹកផ្លែឈើ Yeo's ដែលបាននាំយកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ផ្ទាល់ដល់មូលដ្ឋាន ដោយមានប្រជាពលរដ្ឋមកទទួលផលសរុបចំនួន ៣,២៣២នាក់។


ក្នុងឱកាសចុះសំណេះសំណាលនោះ លោក កែ សួនសុភាព បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការលម្អៀង។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ ជានិច្ចកាលយើងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ឈឺឆ្អាល និងបន្តសកម្មភាពចែករំលែកការគាំទ្រដល់ពុកម៉ែបងប្អូនជានិច្ច។ ភាពជាដៃគូជាមួយវិស័យឯកជន ដូចជាក្រុមហ៊ុន Yeo's លើកនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌នៃការចែករំលែក និងស្មារតី «មហាគ្រួសារខ្មែរ»។ លោកប្រធាន ស.ស.យ.ក. ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាអគ្គនាយក អគ្គនាយិកា និងក្រុមការងារទាំងអស់របស់ក្រុមហ៊ុន Yeo's ដែលតែងតែជានិច្ចកាលចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ និងការទទួលខុសត្រូវសង្គម។


ជាការឆ្លើយតបក្នុងកម្មវិធីនោះ ប្រជាពលរដ្ឋទាំង ៣,២៣២នាក់ បានទទួលក្នុងម្នាក់ៗនូវកញ្ចប់អំណោយរួមមាន ទឹកសណ្តែក Yeos (១២៥ml) ចំនួន១កេស ទឹកដោះគោខាប់ Yeos ចំនួន១កំប៉ុង ម្សៅស៊ុប Yeos (២៥០ក្រាម) ចំនួន ១ កញ្ចប់។ វត្តមានរបស់ក្រុមការងារ ស.ស.យ.ក. ខេត្ត និងក្រុមហ៊ុន Yeo's នាពេលនោះ មិនត្រឹមតែផ្តល់នូវការឧបត្ថម្ភសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឡើងនូវបរិយាកាសស្និទ្ធស្នាល បង្កើនភាពកក់ក្តៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំទាំង៦ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការស្រឡាញ់រាប់អានគ្នាក្នុងនាមជាពូជសាសន៍តែមួយ៕
ដោយ ឈុន សារ៉ាត





