មូលនិធិ SDF និង CLA រៀបចំសិក្ខាសាលាស្តីពី «តម្រូវការជំនាញអាទិភាពក្នុងវិស័យភស្តុភារកម្មកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- មូលនិធិអភិវឌ្ឍន៍ជំនាញ SDF និងសមាគមភស្តុភារកម្មកម្ពុជា CLA បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «តម្រូវការជំនាញអាទិភាពក្នុងវិស័យភស្តុភារកម្មកម្ពុជា» ក្រោមប្រធានបទ «ការពង្រឹងជំនាញ ផលិតភាព និងភាពប្រកួតប្រជែងសម្រាប់វិស័យភស្តុភារកម្មកម្ពុជា» នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ CLA សហគ្រាសក្នុងវិស័យភស្តុភារកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាលប្រមាណ១៤០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងភាពជាដៃគូរវាង SDF និង CLA ក្នុងការលើកកម្ពស់ផលិតភាព និងជំនាញកម្លាំងពលកម្ម តាមរយៈការផ្សព្វផ្សាយពីយន្តការគាំទ្ររបស់SDF។ ជាមួយគ្នានេះ កម្មវិធីក៏បានបង្ហាញលទ្ធផលវាយតម្លៃតម្រូវការបណ្តុះបណ្តាល ព្រមទាំងប្រមូលធាតុចូលដើម្បីកំណត់កង្វះខាតជំនាញអាទិភាព សម្រាប់រៀបចំគម្រោងបណ្តុះបណ្តាលឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់សហគ្រាសភស្តុភារកម្ម។


ក្នុងពិធីបើក ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យភស្តុភារកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ។ ការដោះស្រាយគម្លាតជំនាញទាមទារការចូលរួមយ៉ាងសកម្មពីវិស័យឯកជនតាមរូបមន្ត «រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ» ព្រមទាំងបានកោតសរសើរចំពោះសមាជិក CLA ទាំងអស់ ចំពោះការប្តេជ្ញាចិត្ត និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញកម្លាំងពលកម្ម។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ SDF បានគាំទ្រការបណ្តុះបណ្តាលសិក្ខាកាមសរុបជាង ១០១ ៥០០ នាក់។ តាមការវាយតម្លៃឯករាជ្យ មានសហគ្រាស ៨៩ភាគរយ បានរាយការណ៍ពីកំណើនផលិតភាព, ៨៣ភាគរយ ទទួលបានផលចំណេញមកវិញពីការវិនិយោគលើការបណ្តុះបណ្តាល ៧១ភាគរយនៃសហគ្រាសសង្កេតឃើញកំណើនគុណភាពការងាររបស់បុគ្គលិក និង៨៩ភាគរយនៃសិក្ខាកាមទទួលបានការរីកចម្រើន និងឱកាសការងារកាន់តែប្រសើរនាពេលអនាគត។ ជាទិសដៅបន្ត និងដំណោះស្រាយជាក់ស្តែងសម្រាប់សហគ្រាសក្នុងវិស័យភស្តុភារកម្ម ក្រុមហ៊ុនធំៗអាចស្នើសុំការគាំទ្រដោយផ្ទាល់ពី SDF ទាំងផ្នែកហិរញ្ញប្បទាន និងការតភ្ជាប់បណ្តាញដៃគូបណ្តុះបណ្តាល ខណៈដែលសហគ្រាសធុនតូច និងមធ្យម (SMEs) អាចចូលរួមតាមរយៈការសម្របសម្រួល និងការរៀបចំសំណើគម្រោងរួមរបស់ CLA ដើម្បីទទួលបានការគាំទ្រពី SDF ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែង។

ឯកឧត្តម នាយកប្រតិបត្តិ SDF បន្តថា ធាតុចូល និងអនុសាសន៍ទទួលបានពីសិក្ខាសាលានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញការអភិវឌ្ឍមូលធនមនុស្ស និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕
ដោយ ណយ នឿន (ប្រភព៖ SDF)





