ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ លោក អានតូញ៉ូ ហ្គូធឺរែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន។
លោកបានធ្វើការអំពាវនាវនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលចាប់ផ្តើមសប្តាហ៍កិច្ចប្រជុំកម្រិតកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំនេះ។
លោក ហ្គូធឺរែស បានមានប្រសាសន៍ថា៖ «នៅពេលដ៏សំខាន់នេះសម្រាប់តំបន់មជ្ឈិមបូព៌ា ការកាត់បន្ថយភាពតានតឹងត្រូវតែជាអាទិភាពទីមួយទីពីរ និងទីបី»។ លោកបានបន្តថា៖ «គ្រប់ភាគីទាំងអស់ត្រូវតែបញ្ឈប់រាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងធានាថាប្រតិបត្តិការមនុស្សធម៌អាចដំណើរការទៅបានដោយសុវត្ថិភាព និងគ្មានការរារាំង»។
លោកបានបន្ថែមថា សិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស និងតំបន់ Bab al-Mandab ត្រូវតែត្រូវបានស្តារឡើងវិញ និងគោរពយ៉ាងពេញលេញដោយភាគីទាំងអស់ ស្របតាមច្បាប់អន្តរជាតិ។
លោកបានមានប្រសាសន៍ថា៖ «ផ្លូវតែមួយគត់ដើម្បីឆ្ពោះទៅមុខគឺការកាត់បន្ថយភាពតានតឹង ការទូត និងកិច្ចសន្ទនា។ ខ្ញុំនឹងបន្តជំរុញសារនេះនៅក្នុងការទំនាក់ទំនងជាបន្តបន្ទាប់របស់ខ្ញុំជាមួយមេដឹកនាំនានា»។
ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន លោកបានលើកឡើងថា វាដល់ពេលហើយដែលត្រូវមានបទឈប់បាញ់ជាបន្ទាន់ដែលជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ ស្ថិតស្ថេរ និងគ្រប់ជ្រុងជ្រោយ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ។
លោកបានកត់សម្គាល់ថា ជម្លោះនេះបានអូសបន្លាយចូលដល់ឆ្នាំទីប្រាំហើយ ដោយបង្កឱ្យមានការរងទុក្ខវេទនាជាខ្លាំងដល់ជនស៊ីវិល និងមានផលប៉ះពាល់ជាបន្តបន្ទាប់នៅទូទាំងពិភពលោក ខណៈដែលមិនទាន់ឃើញមានសញ្ញានៃការបញ្ចប់នៅឡើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





