វេជ្ជបណ្ឌិត ប៉ឹក គឹមសាន្ត៖ គ្រូពេទ្យយកចំណេះជំនាញមកព្យាលជំងឺ មិនមែនយកសញ្ញាបត្រមកព្យាបាលឡើយ
AKP កំពង់ធំ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦-- លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានលើកឡើងថា គ្រូពេទ្យយកចំណេះជំនាញមកព្យាបាលអ្នកជំងឺមិនមែនយកសញ្ញាបត្រមកព្យាបាលឡើយ ក្នុងឱកាសនៃពិធីប្រកាសតែងតាំងប្រគល់តួនាទី ប្រធាន-អនុប្រធាន មន្ទីរពេទ្យបង្អែកស្ទោង និងប្រធាន-អនុប្រធាន មណ្ឌលសុខភាពស្ទោងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

លោក ប៉ឹក គឹមសាន្ត បានមានប្រសាសន៍ថា សុខាភិបាលជាវិស័យយអាទិភាពមួយដែលបាននិងកំពុងលើកកម្ពស់សុខភាពសាធារណៈសុខុមាលភាព ជីវភាពប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលនិងឈានទៅសម្រេចតាមគោលដៅអាទិភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានសម្ដែងការកោតសរសើរខ្ពស់ដល់លោកប្រធាន-អនុប្រធាននិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យបង្អែកស្ទោង និងការិយាល័យស្រុកប្រតិបត្តិស្ទោងដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការផ្ដល់សេវា និងព្យាបាលជំងឺជូនអ្នកជំងឺនិងពលរដ្ឋដោយមិនខ្លាចនឿយហត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
ទន្ទឹមនឹងនេះលោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ប្រកបដោយគតិល្អៗជាច្រើនចំណុចសម្រាប់ក្រុមគ្រូពេទ្យយកបន្តអនុវត្តជាក់ស្ដែងជាមួយអ្នកជំងឺដូចជា ត្រូវផ្តល់សេវាក្រោមភាពញញឹមប្រឹមប្រិយរួសរាយប្រកបដោយសេចក្តីស្រឡាញ់និងសមធម៌ ចេះឱ្យអភ័យ ទោសមិនចាប់កំហុសពីអតិថិជនឬអ្នកជំងឺ ចេះលើកទឹកចិត្ត ឬចេះផ្តល់កម្លាំងចិត្ត ធ្វើការណែនាំដល់អ្នកជំងឺប្រកបដោយក្រុមសីលធម៌និងវិជ្ជាជីវៈ ចេះផ្តល់សេចក្តីទុកចិត្ត ហើយត្រូវប្រើពាក្យសម្តីពីរោះពិសារ មិនអសុរស ទ្រគោះបោះបោកសោះអង្គើយឡើយ។

លោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន្ត ណែនាំដល់លោកប្រធាន -អនុប្រធាន បុគ្គលិកទាំងអស់ នៃការិយាល័យស្រុកប្រតិបត្តិស្ទោង មន្ទីរពេទ្យបង្អែកស្ទោង និងគ្រប់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ទាំងអស់ត្រូវ អនុវត្តតួនាទី/ភារកិច្ចឱ្យបានល្អប្រសើរថែមទៀតដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពការងារ ជាពិសេសការផ្តល់សេវា ពិនិត្យព្យាបាលជូនអ្នកជំងឺនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងហើយចេះកែលម្អ និងបំពេញបន្ថែម រាល់ចំណុចខ្វះខាតកន្លងមក។
សូមបញ្ជាក់ថា លោក ហ៊ុល ឈឿន ឱ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោង។ លោក សារី ម៉េងហួរ កាន់មុខតំណែងជាអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោង។ លោក ហង្ស ម៉េង ហេងឱ្យកាន់មុខតំណែងជា ប្រធានមណ្ឌលសុខភាពស្ទោងនិងលោកស្រី ម៉ៅ វលក្ខណ៍ ឱ្យកាន់មុខតំណែងជា អនុប្រធានមណ្ឌលសុខភាពស្ទោង៕
ដោយ ស៊ុម វណ្ណា





