លោកជំទាវ ជា ស៊ីណា ឃួង ស្រេង រាប់បាត្រ បង្សុកូលបិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម ដើម្បីឧទ្ទិសកុសលជូនវីរយុជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦–លោកជំទាវជា ស៊ីណា ឃួង ស្រេង និងក្រុមគ្រួសារ ព្រម ទាំងអភិបាលរងរាជធានីរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ដ ដើម្បីឧទ្ទិសកុសលជូនវីរយុជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមានការចូលអភិបាលខណ្ឌព្រែកព្នៅ និងមន្ទីរស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញក្នុងពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ។


លោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល វីរយុទ្ធជន ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធចក្រ ក៏មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៣ នាព្រឹកថ្ងៃទី៩ ខែតុលានេះ លោកជំទាវជា ស៊ីណា ឃួង ស្រេង ក៏បានវេប្រគេននូវទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ និងប្រគេនដល់វត្ត ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាម នៃវត្តប្រសិទ្ធីរីម្នារាមនេះ៕


ដោយ៖ សួស សំរិត





