បទយកការណ៍៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន និងជាបុណ្យប្រពៃណីជាតិដ៏សំខាន់ ដែលមានរយៈកាលយូរលង់មកហើយ
AKP ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ -- ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់បំផុតរបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ បុណ្យុភ្ជុំបិណ្ឌ ត្រូវបានចាស់បុរាណចាត់ទុកជាបុណ្យធំជាងគេក្នុងចំណោមពិធីបុណ្យដទៃទៀតរបស់ចាស់បុរាណខ្មែរ។

សម្រាប់ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយមានរយៈពេល១៥ថ្ងៃ តាមទំនៀម ទម្លាប់។ ជារៀងរាល់ឆ្នាំ ការកាន់បិណ្ឌប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ។ ដោយឡែក បុណ្យភ្ជុំបិណ្ឌ ឬហៅថាភ្ជុំធំ គឺនៅថ្ងៃ១៥រោច ខែភទ្របទ ដែលក្នុងអំឡុងពេលនោះ ប្រជាពលរដ្ឋយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាម ជាពិសេសនៅថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋជួបជុំបងប្អូនសាច់ញាតិ ដើម្បីឆ្លងថ្ងៃភ្ជុំបិណ្ឌ ផងដែរ។

នៅពេលដែលពិធីកាន់បិណ្ឌមកដល់ តាមទីវត្តអារាមតែងតែមានការបោសសម្អាត និងធ្វើអនាម័យ ដោយនៅតាមវត្តនីមួយៗតែងតែយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យ និងបរិស្ថាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងយុវជន ក្នុងការបោសសម្អាតបរិវេណវត្ត សាលាឆាន់ និងទីធ្លាព្រះវិហារ ដើម្បីរក្សាសោភ័ណភាព និងស័ក្តិសមជាទីកន្លែងធ្វើបុណ្យទាន។ ទន្ទឹមនេះ ក៏មានការរៀបចំទីកន្លែងជួបជុំគ្នា រៀបចំបាយទីកកន្លែងពូនភ្នំខ្សាច់ ទីកន្លែងស្រង់ព្រះ និងរៀបចំបាយបិណ្ឌជាដើម។ ជាងនេះទៅទៀត អាចារ្យក៏មានតួនាទីសំខាន់ក្នុងការដឹកនាំពុទ្ធបរិស័ទសូត្រធម៌ ថ្វាយបង្គំព្រះ វេរចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំពិធីរាប់បាត្រនៅលើសាលាឆាន់ផងដែរ។

បើទោះបីជាការរស់នៅស្ថិតនៅជិតគ្នា ឬក៏នៅឆ្ងាយពីគ្នាយ៉ាងណាក្ដី ឱ្យតែពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌមកដល់ ម្តងៗ ប្រជាពលរដ្ឋខ្មែរតែងម្នីម្នានាំកូនចៅ សាច់ញាតិសន្តានមិនថាទីជិត ឆ្ងាយ ធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុក ម្តាយ នៅស្រុកកំណើត រៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមមិនដែលខកខានទេ។

មិនថាតែសម័យដើមឡើយ ឬសូម្បីតែសម័យនេះក្តី នៅពេលរដូវបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌ គេតែងតែឃើញទិដ្ឋភាពពលរដ្ឋខ្មែរ ពិសេសតាមស្រុកស្រែចម្ការម្នីម្នានាំគ្នារៀបចំខ្លួន កណ្តៀត យួរ កាន់ ទូល រែកចង្ហាន់ ដើម្បីយកទៅវត្ត។ ក្តីសប្បាយរីករាយនៃការជួបជុំ រួមផ្សំការធ្វើបុណ្យទានគឺជាសេចក្ដីជ្រះថ្លារបស់ប្រជាជនខ្មែរមិនអាចកាត់ថ្លៃបាន។

ទាក់ទងនឹងប្រវត្ដិ ក៏ដូចជាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ឱ្យដឹងផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសម័យពុទ្ធកាលគេហៅថាពិធីទំនុកបម្រុង ឬផ្គង់ផ្គត់ព្រះសង្ឃនារដូវវស្សា ហើយនៅសម័យពុទ្ធកាលគេក៏មិនធ្វើកន្លះខែដែរពោលគឺគេប្រារព្ធធ្វើឡើងរយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា និងចេញព្រះវស្សា។ ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានបន្ដថា សម្រាប់ប្រទេសកម្ពុជា បានកំណត់យករយៈពេល១៥ថ្ងៃ ដោយអាស្រ័យលើជីវភាពរបស់ប្រជាពលរដ្ឋ ការយល់ដឹងរបស់ពុទ្ធសាសនិកជន និងចំណុចចុងក្រោយគឺបុព្វបុរសរបស់ខ្មែរយើងបានឱ្យប្រជាពលរដ្ឋមានលទ្ធភាពចូលរួមបានទាំងអស់គ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានបញ្ជាក់ផងដែរថា ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គេផ្តោតតែទៅលើភ្ជុំបិណ្ឌ ឬឧទ្ទិសបុណ្យដល់អ្នកបានបាត់បង់ជីវិតទៅហើយ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ការគោរពបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បើទោះបីប្រទេសដទៃទៀតគោរពព្រះពុទ្ធសាសនា ប៉ុន្តែមានតែប្រទេសយើងមួយប៉ុណ្ណោះដែលគោរពប្រតិបត្តិ។ ពិធីបុណ្យនេះជាបុណ្យរបស់ជាតិ និងពុទ្ធសាសនិកខ្មែរនិយមរបស់យើង»។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានលើកឡើងនូវប្រវត្ដិមួយចំនួនទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះថា ដោយសាររឿងរ៉ាវខ្លះទាក់ទិននឹងព្រះពុទ្ធសាសនា មិនបានផ្តោតទៅលើភ្ជុំបិណ្ឌទេ គឺផ្តោតតែទៅលើការឧទ្ទិសកុសលផលបុណ្យដល់អ្នកស្លាប់។ ឯកឧត្ដមបានរម្លឹកបន្ថែមផងដែរថា៖ «ពិធីបុណ្យនេះដើមឡើយយើងធ្វើរយៈពេល៣ខែ ដែលជាខែចូលព្រះវស្សា ដោយព្រះសង្ឃមិនអាចនិមន្តទៅណាបានឡើយ។ ប៉ុន្តែក្រោយមកគឺនៅឆ្នាំ១៨៤៨ ព្រះមហាក្សត្រខ្មែរមួយអង្គគឺព្រះបាទអង្គឌួង បានកាត់បន្ថយមកត្រឹម១៥ថ្ងៃ រហូតមកដល់បច្ចុប្បន្ន»។
ចំណែកព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ជាព្រះគ្រូចៅអធិការវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានមានសង្ឃដីកាថា ការដែលចាស់បុរាណគោរព គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ ក្រៅពីនេះការគោពពិធីភ្ជុំបិណ្ឌក៏ជាការនេះគោរដឹងគុណឪពុកម្តាយដែលបានចិញ្ចឹមបីបាច់យើងរហូតមក។ ព្រះអង្គបានសង្កត់ធ្ងន់ថា៖ «ហេតុនេះ ក្នុងតួនាទីជាពលរដ្ឋខ្មែរ និងជាអ្នកគោរពព្រះពុទ្ធសាសនា យើងគប្បីគោរពប្រតិបត្តិឱ្យបានល្អរៀងៗខ្លួន»។
យោងតាមប្រវត្ដិ និងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត ទើបបណ្តាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកប្រេត ជនញាតិ និងញាតិទាំង៧សន្តាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្តីលំបាកវេទនា។
ចំពោះបុណ្យបិណ្ឌភ្ជុំនេះដែរ បុរាណាចារ្យរាជបណ្ឌិតខ្មែរ យើងបានរៀបចំឱ្យរាល់ថ្ងៃកាន់បិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌក្តី នៅពេលពុទ្ធសាសនិកជនយកចំណីចំណុកមកវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់ពីនោះ ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ អ្នករៀបចំវេននីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេនរបស់ខ្លួននោះជានិច្ច៕
ដោយ៖ មករា





