លោក លីវ វណ្ណថេង ចូលកាន់មុខតំណែងជាអភិបាល ក្រុងតាខ្មៅថ្មី
AKP កណ្ដាល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាក្រុងតាខ្មៅ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពឯក ឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ។

នៅក្នុងពិធីតែងតាំងនេះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់អភិបាល ក្រុងថ្មី ត្រូវយកបទពិសោធន៍ល្អៗពីការងារនៅមូលដ្ឋានចាស់មកអនុវត្តនៅមូលដ្ឋានថ្មី និងត្រូវបំពេញតួនាទី ភារកិច្ចឱ្យបានខ្ជាប់ខ្ជួន ស្របតាមច្បាប់ អនុក្រឹត្យ សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ ត្រូវបន្តសិក្សា ស្រាវជ្រាវ និងរៀនសូត្រជាប្រចាំ ព្រមទាំងតាមដានសភាពការណ៍នៅក្នុងមូលដ្ឋានឱ្យបានច្បាស់ ដើម្បីធានាការរក្សាសន្តិសុខ ស ណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជា ពលរដ្ឋ សំដៅបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពផងដែរ។
ឯកឧត្តម ក៏បានក្រើនរំលឹកដល់លោកអភិបាលក្រុងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកអភិបាលក្រុងថ្មី ត្រូវបន្តកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រសិទ្ធ ភាព និងមានតម្លាភាព ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន ដោយធានាថា គម្រោងសំណង់នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប។

តាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានផ្ទេរភារកិច្ចលោក លីវ វណ្ណថេង ពីអភិបាល នៃគណៈអភិបាលស្រុល្វាឯម មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួសលោក ឃឹម សំភា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ៕
ដោយ ណយ នឿន , ប្រភព៖រដ្ឋបាលខេត្តកណ្តាល





