ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ គាំទ្រការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនិងបន្ដបង្ក្រាបដើម្បីបង្កើតទំនុកចិត្តជូនប្រជាពលរដ្ឋ
AKP ភ្នំពេញ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦–ឯកឧត្ដម ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងការគាំទ្រចំណាត់ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនិងស្នើឱ្យបន្ដបង្ក្រាបឱ្យបានសកម្ម ថែមទៀត ដើម្បីបង្កើតទំនុកចិត្តជូនប្រជាពលរដ្ឋ ។ ឯកឧត្ដម បានសម្ដែងការគាំទ្របែបនេះ ខណៈឯកឧត្ដម ចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប សារិន បានបញ្ជគ់ថា៖ ចំពោះលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងគ្រឿងញៀនបានយ៉ាងល្អក្នុងខែកញ្ញា កន្លងមក ហើយខ្ញុំស្នើសុំបន្ដការងារនេះឱ្យសកម្មបន្ដទៀតនៅខែខាងមុខៗ ។ ដូចជា ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams)៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តស្រាវជ្រាវ និងបង្ក្រាបយ៉ាងសកម្ម ដើម្បបង្កើតទំនុកចិត្តជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងទេសចរ។


ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបង្ក្រាបត្រូវបានធ្វើឡើង "ដូចភ្លៀងរលឹម" ដើម្បីលុបបំបាត់បទល្មើសនេះឱ្យអស់ពីរាជធានីភ្នំពេញ។ការងារជាច្រើនទៀងដែលអាជ្ញាធរត្រូវបន្ដអនុវត្ដដូចជាចរាចរណ៍បង្ការអគ្គិភ័យ និងចោរកម្មជាដើម បើយើងរួមគ្នាធ្វើរួមគ្នាគិត រួមគ្នាអនុវត្ដនោះ បញ្ហានៅចំពោះមុខ ដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ និងចោរកម្ម និងត្រូវបានកាត់បន្ថយ ។

ឯកឧត្ដមបន្ដថា៖ ដោយសារនៅតែពីថ្ងៃទៀត បងប្អូនប្រជាពលរដ្ឋយើង ចាកចេញពីភ្នំពេញទៅលេងស្រុក កំណើត ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង (១០០គ្រឿងក្នុងក្រុង និង ៥០០គ្រឿងសម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ តាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។


ថ្វីបើភ្ញៀវទេសចរបរទេសមានការថយចុះដោយសាររដូវភ្លៀង ប៉ុន្តែទេសចរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅតែបន្តទៅកម្សាន្តនៅតំបន់ផ្លូវថ្មើរជើង (Walkway) ក្នុងខណ្ឌដូនពេញយ៉ាងច្រើនកុះករផងដែរ ៕
ដោយ៖ សួស សំរិត





