ឯកឧត្តម ឆាយ ឫទ្ធិសែននាំយកទេយ្យទាន របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកាន់បិណ្ឌ វេនទី១២ នៅវត្តចំនួន៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ រួមជាមួយប្រតិភូរួមដំណើរ បាននាំយកទេយ្យទាន ចូលរួមកាន់បិណ្ឌ វេនទី១២ នៅវត្តអរិយមគ្គារាម ហៅវត្តដំដែក ស្ថិតនៅក្នុងភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃ៨ ខែតុលា ឆ្នាំ២០២៦នេះ ។

អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ ។


ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានប្រគេនទេយ្យវត្ថុ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនព្រះចៅអធិការវត្តដែលនិមន្ដមកពីវត្តចំនួន ២ផ្សេងទៀត រួមមាន វត្តគង្គាររាម និងវត្តសន្តិវ័ន្ដ ដែលស្ថិតនៅក្នុងឃុំតាំងក្រសាំង ផងដែរ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





