រដ្ឋបាលខេត្តព្រះសីហនុសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាសាលាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- លោក សាមុត សុធារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
ជាមួយគ្នានោះ លោក សាមុត សុធារិទ្ធិ អភិបាលរងខេត្ត បានថ្លែងអំណរគុណមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសាលាខេត្តដែលបានចូលរួមបំពេញការងារតាមតួនាទី ភារកិច្ច ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលបានបំពេញភារកិច្ចកន្លងមក។ ហើយជំនួបជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យានាពេលនេះជាសកម្មភាពការងារ ដែលថ្នាក់ដឹករបស់យើងតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ មុនពិធីបុណ្យប្រពៃណីជាតិ ម្យ៉ាងទៀតជាការបង្កើនភាពស្និទ្ធស្នាលជាមួយមន្ត្រីរាជការ។ ដូច្នេះការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ ហើយសមិទ្ធផលដែលយើងទទួលបានដោយមានការចូលរួមរបស់មន្ត្រីរបស់យើងទាំងអស់គ្នា ក្នុងការអភិវឌ្ឍទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។


លោកអភិបាលរងខេត្តព្រះសីហនុបានផ្តល់អនុសាសន៍ និងទិសដៅការងារ ការពង្រឹងប្រសិទ្ធភាពការងារ រដ្ឋបាល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានតម្លាភាព។ ទន្ទឹមនោះការរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការជួយជ្រោមជ្រែងកិច្ចការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងសូមជូពរឱ្យបងប្អូនទាំងអស់ធ្វើដំណើរទៅកាន់ស្រុកកំណើតទទួលបានសុវត្ថិភាពគ្រប់គ្នា៕



ដោយ ងូ សុមុនី





