KOICA និង CDC ពិគ្រោះយោបល់លើឯកសារភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់ឆ្នាំ២០២៦-២០៣០ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍យុទ្ធសាស្ត្ររយៈពេលវែង
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ --ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពី ឯកសារភាពជាដៃគូប្រទេស (Country Partnership Document - CPD) ថ្មី សម្រាប់ឆ្នាំ២០២៦-២០៣០ របស់ KOICA ដែលកំពុងរៀបចំ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ លោក គីម ជុនម៉ូ (KIM Junmo) នាយកការិយាល័យ KOICA ប្រចាំនៅកម្ពុជា និង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងមកពី KOICA និង CDC ផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះបានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ KOICA ក្នុងការបង្ហាញអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដែលបានស្នើឡើង និងផ្លាស់ប្តូរយោបល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីអាទិភាពអភិវឌ្ឍន៍ ទិសដៅយុទ្ធសាស្ត្រ និងវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ដោយផ្អែកលើវិធីសាស្ត្រកម្មវិធីប្រទេសរបស់ KOICA នាពេលកន្លងមក ក្របខ័ណ្ឌ CPD ថ្មីនេះបានបង្រួបបង្រួមទិសដៅយុទ្ធសាស្ត្រ លទ្ធផលរំពឹងទុកនិងវិធីសាស្ត្រកិច្ចសហប្រតិបត្តិការផ្សេងៗនៅក្រោមក្របខ័ណ្ឌរួមតែមួយនៅកម្រិតប្រទេស។ ក្របខ័ណ្ឌនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវមូលដ្ឋានដែលមានភាពស៊ីសង្វាក់គ្នាកាន់តែប្រសើរ សម្រាប់ការរៀបចំផែនការ និងការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ KOICA នៅកម្ពុជា ក្នុងអំឡុងឆ្នាំ ២០២៦ -២០៣០។
ក្រោមចក្ខុវិស័យរួម «ការប្តេជ្ញាចិត្តប្រកបដោយចីរភាព និងនវានុវត្តន៍សម្រាប់មនុស្សជំនាន់ក្រោយ» ក្របខ័ណ្ឌដែលបានស្នើឡើងនេះរួមមាន កម្មវិធីស្នូលចំនួន៤ និងគោលបំណងកម្រិតមធ្យមចំនួន១៦ ដែលគ្របដណ្តប់លើវិស័យនានា រួមមាន៖ ការអប់រំបច្ចេកទេស និងឌីជីថល ភាពធន់នៃប្រព័ន្ធសុខាភិបាល ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសហគមន៍ជនបទប្រកបដោយសុវត្ថិភាព។

ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈលើក្របខ័ណ្ឌយុទ្ធសាស្ត្រដែលបានស្នើឡើង រួមមានវិស័យអាទិភាព វិស័យកម្មវិធីដែលមានសក្តានុពល និងការជ្រើសរើសគោលបំណងកម្រិតមធ្យម។ កិច្ចពិភាក្សាក៏បានលើកឡើងអំពីសារៈសំខាន់នៃការពិចារណាលើអាទិភាពអភិវឌ្ឍន៍ជាតិ លទ្ធភាពនៃការអនុវត្ត និងការសម្របសម្រួលរវាងស្ថាប័ន ក្នុងការបញ្ចប់ឯកសារ CPD។
ជាមួយគ្នានេះ ក្រោមក្របខ័ណ្ឌការងារនេះ ឯកសារ CPD នឹងត្រូវបានរៀបចំឡើងដោយគិតគូរពីយុទ្ធសាស្ត្រជាតិ និងអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា ទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តរបស់ KOICA នៅកម្ពុជា។

លោក គីម ជុនម៉ូ (KIM Junmo) នាយកការិយាល័យ KOICA ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ «ខណៈដែលយើងបន្តដំណើរការរៀបចំ និងបញ្ចប់ឯកសារ CPD យើងពិតជាផ្តល់តម្លៃយ៉ាងខ្លាំងចំពោះឱកាសក្នុងការទទួលបានទស្សនៈ និងការណែនាំផ្នែកយុទ្ធសាស្ត្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ កិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់យើងក្នុងការយល់ដឹងកាន់តែច្បាស់អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងធានាថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែល KOICA បានស្នើឡើង មានភាពស្របតាមតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា »។
ក្នុងឱកាសនោះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានមានប្រសាសន៍ណែនាំពាក់ព័ន្ធនឹងការជ្រើសរើសកម្មវិធីដែលមានសក្តានុពល វិស័យអាទិភាព និងស្ថាប័នជាចំណុចបង្គោលពាក់ព័ន្ធ រួមទាំងការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការធានាឱ្យមានភាពស៊ីសង្វាក់គ្នារវាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែល KOICA បានស្នើឡើង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

សូមជម្រាបជូនថា លទ្ធផលនៃកិច្ចពិគ្រោះយោបល់នេះ នឹងត្រូវយកមកពិចារណា និងបញ្ចូលក្នុងការរៀបចំបន្តនូវ ឯកសារភាពជាដៃគូសហប្រតិបត្តិការប្រចាំប្រទេស (CPD)។ KOICA នឹងបន្តធ្វើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា និងបញ្ចប់ការរៀបចំ CPD ជាស្ថាពរ។

KOICA និង CDC បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តកិច្ចសហការនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយមានគោលបំណងរួមក្នុងការអភិវឌ្ឍក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយ ដែលរួមចំណែកដល់ អាទិភាពអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ រិទ្ធី, ប្រភព៖ KOICA





