មេបញ្ជាការ យោធភូមិភាគទី៥ជួបសំណេះសំណាល និងចែកអំណោយ ជូនគ្រួសារយោធិន ដែលជួបការលំបាក ចំណុះទីបញ្ជាការយោធភូមិភាគទី៥ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
AKPភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគចែកជូនដល់ក្រុមគ្រួសារកងទ័ព យោធភូមិភាគទី៥ និងក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៩២គ្រួសារ ដែលមានជីវភាពខ្វះខាតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ។

ឯកឧត្តម ឯក សំអូន មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ បានចូលមកដល់ហើយ មួយចំណែកដោយមានសេចក្តីនឹករលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដោយមានកត្តព្វកិច្ច និងភារកិច្ចមមាញឹកជាចាំបាច់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ ដែលកំពុងឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែន ក៏ដូចជាកងកម្លាំងក្នុងសមរភូមិទិសផ្សេងៗផងដែរ សូមយកចិត្តទុកដាក់គោរពច្បាប់វិន័យ និងបទបញ្ជាឲ្យបានខ្ជាប់ខ្ជួន និងរក្សាសុខភាពឲ្យបានល្អប្រសើរ ទាំងផ្លូវចិត្តផ្លូវកាយ ចៀសវាងឆ្លងជំងឺផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមជាដើម ព្រោះថារដូវនេះជារដូវវស្សា និងសូមជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៥ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូរណ៍ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

ក្នុងនោះអំណោយក្នុងមួយគ្រួសារទទួលបានរួមមាន ៖ ថវិការ៥ម៉ឺនរៀល, អង្ករ១ការ៉ុងស្មើរនិង២២គីឡូ, ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស, មី១កេសផងដែរ៕


ដោយ៖សំ សាម៉ន ប្រភពកងទ័ពជើងគោក





