បងប្អូនកម្មករនិយោជិត និងអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ៥០០នាក់ទទួលបានការកាត់សក់ដោយឥតគិតថ្លៃពីកម្មវិធី “កាត់សក់បង្កក់សិរី” ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥០០នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី៤ ខែ តុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំ២០២៦។

កម្មវិធីនេះមានគោលបំណង ជួបសំ ណេះសំណាលសួរសុខទុក្ខបងប្អូន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធនិងផ្សព្វផ្សាយពីឱកាសការងារ ក៏ដូចជាកម្មវិធី TVET ជាពិសេសសម្រា ប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមមិត្តយើង ដែលបានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងស្ថាប័នជាគូផ្សេងទៀតដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះឡើង ដើម្បីឱ្យបងប្អូនទទួលបានការកាត់សក់ គាបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃពីសំណាក់ក្រុមជាងសក់ដែលមានជំនាញដ៏ចំណានប្រមាណ ៨០នាក់ពី សមាគមមិត្តយើង នាពេលនេះ។
ជាការត្រៀមខ្លួនចូលរួមបុណ្យភ្ជុំបិណ្ឌ ការកាត់សក់នេះ ក៏ជាការជួយលើកសម្រស់បានមួយកម្រិតទៀត និងជួយសន្សំសំចៃប្រាក់បានមួយចំនួនផងដែរ ជាពិសេសគឺសម្រាប់បងប្អូនកម្មការិនី។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិតពីការយក ចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងសាធារណៈរហូតដល់ទៅចំនួន ៦០០គ្រឿងនៅឆ្នាំនេះ ដើម្បីផ្តល់សេវាដឹកជញ្ជូនជូនបងប្អូនកម្មករនិយោជិត និងប្រជា ពលរដ្ឋទាំងពេលទៅលេងស្រុកកំណើត និងពេលត្រឡប់មកវិញដោយឥតគិតថ្លៃ ដែលអាចជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរបានមួយចំនួនធំផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រើប្រាស់រថយន្តទាំងនេះ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរបងប្អូនកម្មករ កម្មការិនីទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ហើយក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងព្យាយាមបំពេញ ការងារ ដែលជួយធ្វើឱ្យវិស័យវាយន ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដំណើរការយ៉ាងរលូន ដែលជាការរួមចំ ណែកយ៉ាងធំធេងដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





