សម្តេចមហាបវរធិបតី៖ ការដឹងគុណ ការថែទាំ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ
AKP ភ្នំពេញ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគូសបញ្ជាក់ថា ការដឹងគុណ ការថែទាំ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ តែគឺជាកាតព្វកិច្ចសីលធម៌ និងជាកតញ្ញូតាធម៌ជាតិដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងគ្រប់រូប ហើយថា ជាការពិតការផ្តល់តម្លៃលើកតញ្ញូតាធម៌ចំពោះឪពុកម្តាយ ជីដូន ជីតា និងបុព្វបុរសជាតិ គឺជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសជ្រៅក្នុងផ្លូវគំនិតអាស៊ី រួមទាំងកម្ពុជាផងដែរ។ ការបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជន បណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

សម្តេចបានបន្តថា តំបន់អាស៊ីអាគ្នេយ៍បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ។ ក្រោយសង្គ្រាមលោកលើកទី២ សង្គមក្រោយអាណានិគមរបស់យើងត្រូវបានកសាងឡើងពីសមិទ្ធផលដែលកើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់របស់អតីតយុទ្ធជន និងនិវត្តជន ទាំងសមរភូមិមុខ និងសមរភូមិក្រោយ។ សម្រាប់តំបន់ឥណ្ឌូចិន យើងនៅមានសង្គ្រាមបន្តរ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងសម័យសង្គ្រាមត្រជាក់។ សម្រាប់កម្ពុជា ដែលមានសង្គ្រាមយូរជាងគេបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ យើងពិតជាដឹងច្បាស់ណាស់អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងការចូលរួមកសាង និងការពារជាតិ ហើយមិនថាកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របតាមបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញដែលយើងទទួលបាននៅពេលនេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ពិភពលោកទាំងមូលបានស្គាល់កម្ពុជាយ៉ាងច្បាស់តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកប ដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ក្នុងនាមជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើជាប្រធានប្តូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ២០២៦នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ការនេះស្ថិតចំពេលដ៏សំខាន់ដែលស្ថាប័នសម្រាប់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាទើបតែបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយប្រកបដោយមោទនភាព តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដែលពង្រីកការគ្របដណ្តប់របស់សមាគម ដែលរួមបញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្រោមដំបូលតែមួយ។
សម្តេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ដែលចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០ បានក្លាយជាស្ពានភ្ជាប់ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការ និងសមាគមអតីតយុទ្ធជនទូទាំងតំបន់
អាស៊ាន។ VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត សុខ
មាលភាព និងការគាំពារសង្គមជូនដល់អតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដែលមានឥទ្ធិពលមួយក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ ចាន់ សុភឿន





