កម្មវិធី «ពន្លកចំណេះ» បិទបញ្ចប់សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាពឆ្នាំ២០២៦ ប្រកបដោយភាពជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២ -- កម្មវិធី «ពន្លកចំណេះ» ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអនុវត្តដោយអង្គការមូលនិធិ បានរៀបចំពិធីបិទបញ្ចប់ «សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាពឆ្នាំ២០២៦» យ៉ាងអធិកអធម នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានប្រព្រឹត្តទៅយ៉ាងសកម្មចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមលោកស្រី លោកស្រី មេឡូនី លីនបឺក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានថ្លែងក្នុងពិធីបើកកម្មវិធីសម្តែងល្ខោនគំនិតនៃកម្មវិធីពន្លកចំណេះ នៃសប្តាហ៍លើកកម្ពស់បរិយាបន្នពិការភាព នៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ន និងមានអត្ថន័យ ព្រមទាំងទទួលស្គាល់នូវការរួមចំណែក ភាពច្នៃប្រឌិត បទពិសោធន៍ និងទេពកោសល្យរបស់ជនមានពិការភាពនៅកម្ពុជា។
យោងតាមលោកស្រី បានឱ្យដឹងថា កម្មវិធីពន្លកចំណេះ ដំណាក់កាលទី២ (ឆ្នាំ២០២៣-២០២៧) ផ្តោតសំខាន់លើ «ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា» ដោយបន្តវេនពីដំណាក់កាលទីមួយ (ឆ្នាំ២០១៩-២០២៣)។ កម្មវិធីនេះមានគោលដៅពង្រឹងការប្រើប្រាស់ទិន្នន័យ និងការពិភាក្សាប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រដល់ដំណើរការគោលនយោបាយសាធារណៈដែលផ្អែកលើទិន្នន័យជាក់ស្តែង។ បន្ថែមពីនេះ កម្មវិធីបានខិតខំបង្កើនសំឡេងរបស់ស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះ ឱ្យក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការរៀបចំគោលនយោបាយ។

នៅក្នុងពិធីនាព្រឹកនេះ មានការរៀបចំសកម្មភាពលេចធ្លោជាច្រើន រួមមានការសម្តែងសិល្បៈ និងកិច្ចពិភាក្សា ដោយមានការសម្តែងពិសេសចំនួនពីរដោយសិល្បករ-សិល្បការិនីមានពិការភាព អមដោយកិច្ចពិភាក្សាខ្លីៗដើម្បីចែករំលែកបទពិសោធន៍ សាច់រឿង និងទស្សនៈនៅពីក្រោយការសម្តែង។ ការតាំងពិព័រណ៍រឿងរ៉ាវរូបថត និងរឿងរ៉ាវជោគជ័យពីដៃគូកម្មវិធីពន្លកចំណេះ ស្តីពីកិច្ចខិតខំប្រឹងប្រែងជំរុញបរិយាបន្នពិការភាព។ ស្តង់ពិព័រណ៍ផលិតផល ដោយមានការដាក់លក់ផលិតផលស្នាដៃជនមានពិការភាព ដើម្បីលើកកម្ពស់ការផ្តល់អំណាច និងរួមចំណែកដល់ឯករាជ្យភាពសេដ្ឋកិច្ចរបស់ពួកគេ៕
ដោយ៖ យា ចិន្តាខន្តី (រូបថត៖ ហុង ម៉េងឡុង)





