លោក ឌីអាហ្សា-កានែល វាយតម្លៃពីផលប៉ះពាល់សង្គមនៃការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច
AKP អង់ការ៉ា ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ -- ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាហ្ស-កានែល បានជួបពិភាក្សាជាមួយតំណាងមកពីស្ថាប័នរដ្ឋស្ថាប័ននានា និងសមាគមផ្សេងៗ ព្រមទាំងមេដឹកនាំសហគមន៍ និងភាគីពាក់ព័ន្ធផ្សេងទៀតដែលចូលរួមដោយផ្ទាល់នៅក្នុងដំណើរការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងសង្គមដែលកំពុងប្រព្រឹត្តទៅ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតី ក្នុងអំឡុងពេលកិច្ចពិភាក្សានោះ លោកប្រធានាធិបតីបានបញ្ជាក់សារជាថ្មីអំពីជំហររបស់រដ្ឋាភិបាលថា កំណើនសេដ្ឋកិច្ចនឹងគ្មានន័យអ្វីឡើយ ប្រសិនបើវាមិនមានឥទ្ធិពលដោយផ្ទាល់ទៅលើការអភិវឌ្ឍសង្គម។
លោក ឌីអាហ្ស-កានែល បានថ្លែងថា «សម្រាប់យើង ការបង្កើតទ្រព្យសម្បត្តិសេដ្ឋកិច្ចនឹងគ្មានន័យអ្វីទេ ប្រសិនបើវាមិនមានឥទ្ធិពល និងមិនជួយគាំទ្រដល់កម្មវិធីសង្គម ហើយជាពិសេសនោះ គឺប្រសិនបើទ្រព្យសម្បត្តិទាំងនោះមិនត្រូវបានបែងចែកដោយផ្អែកលើគោលការណ៍នៃយុត្តិធម៌សង្គម»។
លោកបានសង្កត់ធ្ងន់ថា យុត្តិធម៌សង្គមនេះហើយដែលផ្តល់នូវលក្ខណៈសង្គមនិយមដល់ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងសង្គមចំនួន១៧៦ ដែលប្រទេសនេះកំពុងអនុវត្ត។
ប្រមុខរដ្ឋរូបនេះបានលើកឡើងថា «យុត្តិធម៌សង្គម គឺជាអ្វីដែលធ្វើឱ្យយើងខុសប្លែកពីគោលនយោបាយឆក់ (shock policies) នៃប្រព័ន្ធមូលធននិយម ដែលជាប្រភេទគោលនយោបាយដែលត្រូវបានអនុម័តដោយក្រុមអ្នកដែលវាយប្រហារយើង ដាក់ទណ្ឌកម្មបិទខ្ទប់យើង និងដាក់កម្រិតហាមឃាត់ការផ្គត់ផ្គង់ថាមពលមកលើយើង»។
កិច្ចប្រជុំនេះបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រជាជន និងអង្គការមូលដ្ឋានរបស់ពួកគេក្នុងការអនុវត្តការផ្លាស់ប្តូរទាំងនេះនៅក្នុងសហគមន៍ ក៏ដូចជាការទទួលខុសត្រូវសង្គមដែលត្រូវអនុវត្តដោយតួអង្គសេដ្ឋកិច្ចទាំងក្នុងវិស័យរដ្ឋ និងក្រៅវិស័យរដ្ឋ។
ប្រធានាធិបតីនៃសាធារណរដ្ឋនេះបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទាំងនេះបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់មួយ ដែលបានចាប់ផ្តើមពីសមាជិកនៃបក្សកុម្មុយនីស្ត និងសម្ព័ន្ធយុវជនកុម្មុយនីស្ត ហើយបានពង្រីកទៅដល់កន្លែងធ្វើការ និងសហគមន៍ ដែលនៅទីនោះអង្គការសហគមន៍មូលដ្ឋានដើរតួនាទីយ៉ាងសំខាន់៕





