យោធាអាម៉េរិកបានប្រកាសថា ការដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់បានបញ្ចប់ហើយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ -- កងទ័ពអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបញ្ចប់ការដកកងទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់ហើយ ដែលជាការបញ្ចប់បេសកកម្មរយៈពេល ១២ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (Islamic State)។ កងទ័ពអាម៉េរិកចុងក្រោយបានចាកចេញពីមូលដ្ឋានទ័ពអាកាសមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងទីក្រុងបាកដាដ និងទីក្រុងវ៉ាស៊ីនតោន។
ការដកកងទ័ពដែលត្រូវបានព្រមព្រៀងគ្នាកាលពីពីរឆ្នាំមុននេះ បានកើតឡើងស្របពេលដែលមានជម្លោះកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលជួនកាលជម្លោះនេះបានរាលដាលចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរដោយមានក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់បាញ់ប្រហារមកលើកងទ័ពអាម៉េរិក ហើយសហរដ្ឋអាមេរិកក៏បានវាយប្រហារទៅលើមូលដ្ឋានរឹងមាំរបស់ក្រុមទាំងនោះវិញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាព្យាយាមបង្វែរការយកចិត្តទុកដាក់របស់ខ្លួនពីតំបន់មជ្ឈិមបូព៌ាទៅកាន់តំបន់អាស៊ីវិញប៉ុន្តែការផ្លាស់ប្តូរនោះមិនមានភាពស៊ីសង្វាក់គ្នាទេ ដោយក្រសួងការពារជាតិអាម៉េរិក (មន្ទីរបញ្ចកោណ) តែងតែផ្លាស់ប្តូរគោលជំហររវាងការកាត់បន្ថយវត្តមានរបស់ខ្លួននៅមជ្ឈិមបូព៌ា និងការត្រូវចូលរួមក្នុងជម្លោះថ្មីៗ រួមទាំងជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់ផងដែរ។
ទីក្រុងបាកដាដបានលើកឡើងថា ការបញ្ចប់បេសកកម្មរបស់សហរដ្ឋអាមេរិក គឺជាសញ្ញាបង្ហាញពីភាពរឹងមាំ និងអធិបតេយ្យភាពដែលកាន់តែខ្លាំងឡើងរបស់ប្រទេសអ៊ីរ៉ាក់។
ការដកកងទ័ពនេះក៏ត្រូវបានអបអរសាទរដោយក្រុមនានាដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ ប៉ុន្តែវាបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនអ៊ីរ៉ាក់មួយចំនួនទៀត ជាពិសេសនៅក្នុងតំបន់ឃើដ ដែលមនុស្សជាច្រើនភ័យខ្លាចចំពោះការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម (Islamic State) ក៏ដូចជាការវាយប្រហារបន្ថែមទៀតពីសំណាក់ក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលអាចនឹងមានភាពក្លាហានហ៊ានធ្វើសកម្មភាពកាន់តែខ្លាំងឡើង បន្ទាប់ពីការចាកចេញរបស់កងកម្លាំងអាម៉េរិក។
ទន្ទឹមនឹងនេះ មានសំណួរជាច្រើនជុំវិញអនាគតនៃក្រុមប្រដាប់អាវុធក្នុងស្រុករបស់អ៊ីរ៉ាក់ ដែលរដ្ឋាភិបាលទីក្រុងបាកដាដបានព្យាយាមដកហូតអាវុធប៉ុន្តែរហូតមកទល់ពេលនេះ មិនសូវទទួលបានលទ្ធផលល្អប្រសើរនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





