រុស្ស៊ីចេញការព្រមានអំពីអាវុធនុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈដែលភាពតានតឹងកើនឡើងនៅក្នុងតំបន់បាល់ទិក
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសរុស្ស៊ីបានព្រមានអង្គការណាតូ (NATO) ថាខ្លួននឹងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធភាពលោកខាងលិចព្យាយាមកាត់ផ្តាច់តំបន់កាលីនីងហ្រ្កាដ (Kaliningrad) ដែលជាទឹកដីរបស់រុស្ស៊ីស្ថិតនៅដាច់ដោយឡែកពីទឹកដីមេ និងមានព្រំប្រទល់ជាប់សមុទ្របាល់ទិក។
នៅក្នុងឯកសារមួយដែលបានផ្ញើទៅកាន់អង្គការណាតូ ទីក្រុងមូស្គូបានចោទប្រកាន់សម្ព័ន្ធភាពនេះថា បានដើរលើមាគ៌ាដ៏គ្រោះថ្នាក់ និងមិនគិតគូរពីផលវិបាក ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធដោយផ្ទាល់។
ឯកសារនោះបានបញ្ជាក់ថា ហានិភ័យទាំងនេះរួមបញ្ចូលទាំងលទ្ធភាពដែលរុស្ស៊ីអាចបើកការវាយប្រហារទៅលើមជ្ឈមណ្ឌលសម្រេចចិត្តនានានៅក្នុងបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពនេះ ចាប់តាំងពីដំណាក់កាលដំបូងនៃជម្លោះតែម្តង។
យោងតាមលិខិតផ្លូវការផ្នែកការទូត បានឱ្យដឹងថា «ប្រទេសរុស្ស៊ីនឹងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់កងកម្លាំង និងសមត្ថភាពយោធាទាំងអស់ដែលមាន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីការពារទឹកដីរបស់ខ្លួនប្រសិនបើបណ្តាប្រទេសណាតូព្យាយាមផ្តាច់តំបន់កាលីនីងហ្រ្កាដចេញពីផ្នែកផ្សេងទៀតនៃប្រទេស»។
ការព្រមាននេះបានគូសបញ្ជាក់ពីក្តីបារម្ភជាបន្ទាន់របស់ទីក្រុងមូស្គូចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់អង្គការណាតូទៅលើតំបន់កាលីនីងហ្រ្កាដ ដែលជាទឹកដីរបស់រុស្ស៊ីដោយមានការដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ានៅក្នុងអត្ថបទមួយនៅលើគេហទំព័ររបស់ក្រសួង បានលើកឡើងពីសម្តីរបស់មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសណាតូ ដែលលោកស្រីបានអះអាងថា ជាការបង្ហាញពីការស្អប់ខ្ពើមរុស្ស៊ី និងការត្រៀមខ្លួនធ្វើសង្គ្រាមជាមួយទីក្រុងមូស្គូ។
លោកស្រី ហ្សាខារ៉ូវ៉ា បានសរសេរថា បុគ្គលទាំងនោះ ចាំបាច់ត្រូវត្រឡប់មកមើលការពិតជាក់ស្តែងវិញ។ យើងសង្ឃឹមថា ការព្រមានរបស់យើងនឹងត្រូវបានទទួលស្ដាប់ដោយអ្នកដែលយើងចង់ផ្ញើសារទៅនោះទៅ។
«ប្រសិនបើអឺរ៉ុបវាយប្រហាររុស្ស៊ី វានឹងក្លាយជាសង្គ្រាមមួយប្រភេទផ្សេងទាំងស្រុង ពោលគឺសង្គ្រាមដែលមានរយៈពេលខ្លីបំផុត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





