ពានសម្តេចតេជោរកឃើញក្រុមជ័យលាភីទាំង៨ ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបានបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុទាំងស្រុងហើយនៅក្នុងចំណោមពូលសរុបចំនួន៥ ដោយគណៈកម្មការរៀបចំប្រកួតបាល់ទាត់ជាតិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរកឃើញបេក្ខភាព៥ក្រុម ដែលជាក្រុមលេខ១នៃពូលទាំង៥ បូកនឹង៣ក្រុមល្អជាងគេ សរុប៨ក្រុម ដែលត្រូវឡើងទៅប្រកួតជម្រុះបន្តនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។

២ប្រកួតចុងក្រោយបញ្ចប់ពូល E គឺក្រុមខេត្តកំពតប្រកួតចាញ់ក្រុមខេត្តព្រះសីនុ ១-២ ខណៈខេត្តកោះកុងបានយកឈ្នះក្រុមខេត្តកែប ដោយលទ្ធផល ៨-២ ដោយការរកបាន៣ពិន្ទុបន្ថែមរបស់ខេត្តកោះកុងបានធ្វើឱ្យក្រុមកោះកុងឈរលេខ១ ក្នុងពូល E ហើយបានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ និងស្មើ២ មាន១២ពិន្ទុ តាមពីក្រោយដោយក្រុមខេត្តព្រះសីហនុ ដែលឈរលេខ២ មាន១២ពិន្ទុស្មើគ្នា ក្រោយឈ្នះ៣ និងស្មើ៣ប្រកួតដូចៗគ្នា។ បេក្ខភាព៨ក្រុមចុងក្រោយ គឺ៥ក្រុមលេខ១នៃពូលទាំង៥ រួមមាន៖ ខេត្តស្ទឹងត្រែង កំពង់ស្ពឺ ត្បូងឃ្មុំ បាត់ដំបងយូណៃធីត និងក្រុមខេត្តកោះកុង ខណៈបេក្ខភាព៣ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ ក្នុងចំណោមពូលទាំង៥ រួមមាន៖ ក្រុមខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងក្រុមខេត្តកណ្តាល។

ចំពោះការប្រកួតវគ្គ៨ក្រុមចុងក្រោយ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០៦-១៤ ខែតុលា (២ជើង) ដើម្បីស្វែងរកក្រុមឈ្នះៗ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីថ្ងៃទី២១-២៨ ខែតុលា (២ជើង) ខណៈវគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តគ្រោងនឹងធ្វើឡើងនាថ្ងៃទី០១ ខែវិច្ឆិកា ដោយមាន២ប្រកួត គឺប្រកួតដណ្តើមពានជើងឯក និងប្រកួតដណ្តើមចំណាត់លេខ៣៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





