សិង្ហបុរីនឹងផលិតវ៉ាក់សាំង mRNA ដើម្បីបង្កើនការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- លោក អ៊ុង យ៉េគុង រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី បានមានប្រសាសន៍ថា ប្រទេសសិង្ហបុរីកំពុងពិចារណាគាំទ្រដល់ការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយប្រភេទ mRNA ថ្មីនៅក្នុងប្រទេស ដែលនឹងជួយបង្កើនសមត្ថភាពត្រៀមខ្លួនរបស់ប្រទេសក្នុងការទប់ទល់នឹងជំងឺរាតត្បាតយ៉ាងខ្លាំងហើយក៏ជាកត្តាសំខាន់ក្នុងការជួយឱ្យប្រទេសនេះអាចឆ្លងផុតពីការផ្ទុះឡើងនៃជំងឺឆ្លងដ៏កាចសាហាវនៅពេលខាងមុខផងដែរ។
កាសែត The Straits Times បានរាយការណ៍ថា ក្រសួងសុខាភិបាល(MOH) សង្ឃឹមថានឹងសហការជាមួយស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រដូចជាHilleman Laboratories ដែលមានទីស្នាក់ការកណ្តាល និងរោងចក្រផលិតនៅក្នុងប្រទេសសិង្ហបុរី ដើម្បីអភិវឌ្ឍវ៉ាក់សាំង mRNA ថ្មី។
ប្រទេសកោះមួយនេះក៏កំពុងសិក្សាអំពីលទ្ធភាពសហការជាមួយអង្គការ Wellcome Leap ដែលជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញបង្កើតឡើងដោយមូលនិធិ Wellcome Trust និងសម្ព័ន្ធភាពសម្រាប់នវានុវត្តន៍ក្នុងការត្រៀមខ្លួនទប់ទល់នឹងជំងឺរាតត្បាត (CEPI) ដើម្បីបង្កើតមជ្ឈមណ្ឌលជីវបច្ចេកវិទ្យា (biofoundry) សកលមួយ ដែលមានឈ្មោះថា RNA Readiness and Response (ឬ R3) នៅប្រទេសសិង្ហបុរី ដែលនឹងក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលមួយចំនួនតូចនៅទូទាំងពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





