ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តប្រាក់កម្ចីចំនួន ១,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយហ្វីលីពីនក្នុងការកាត់បន្ថយផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន ១,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយគាំទ្រប្រទេសហ្វីលីពីនក្នុងការកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងអំឡុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង។
យោងតាមសេចក្តីប្រកាសថ្មីៗរបស់ធនាគារ ADB បានឱ្យដឹងថា ប្រាក់កម្ចីនេះនឹងចូលរួមចំណែកផ្តល់ហិរញ្ញប្បទានដល់កម្មវិធីរបស់រដ្ឋាភិបាលហ្វីលីពីន ដែលមានឈ្មោះថា «កញ្ចប់រួមសម្រាប់ជីវភាពរស់នៅឧស្សាហកម្ម ស្បៀងអាហារ និងការដឹកជញ្ជូន» (UPLIFT)។
តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលហ្វីលីពីនកំពុងអនុវត្តវិធានការជំនួយហិរញ្ញវត្ថុសម្រាប់ក្រុមប្រជាជនដែលមានចំណូលទាប ដែលរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេងឥន្ធនៈពីជម្លោះនៅមជ្ឈិមបូព៌ា។ វិធានការទាំងនេះរួមមាន ការបញ្ចុះតម្លៃសំបុត្រធ្វើដំណើរ ការផ្តល់ប្រាក់ឧបត្ថម្ភធនលើប្រេងឥន្ធនៈ និងជីកសិកម្ម ជំនួយផ្នែកវេជ្ជសាស្ត្រ និងជំនួយជាសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ អ្នកបើកបរ និងប្រតិបត្តិករដឹកជញ្ជូនសាធារណៈ កសិករខ្នាតតូច និងអ្នកនេសាទ។
ថវិការបស់ធនាគារ ADB នឹងជួយរដ្ឋាភិបាលហ្វីលីពីនក្នុងការធានាចពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ ការរក្សាការទទួលបានអគ្គិសនី សេវាថែទាំសុខភាព ស្បៀងអាហារ និងឱសថក្នុងតម្លៃសមរម្យ ព្រមទាំងជួយសម្រួលដល់ពលករហ្វីលីពីននៅក្រៅប្រទេសក្នុងការវិលត្រឡប់មកមាតុភូមិវិញផងដែរ។ ប្រាក់កម្ចីនេះត្រូវបានផ្តល់ជូនតាមរយៈយន្តការគាំទ្រប្រឆាំងនឹងវដ្តសេដ្ឋកិច្ច (CSF) របស់ធនាគារ ADB ដែលជាឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរចនាឡើងដើម្បីផ្តល់ការគាំទ្រថវិកាយ៉ាងឆាប់រហ័សដល់ប្រទេសជាសមាជិកក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។
លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថាប្រាក់កម្ចីនេះបង្ហាញពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសហ្វីលីពីនក្នុងការការពារប្រជាជនរបស់ខ្លួន និងរក្សាភាពធន់ប្រឆាំងនឹងផលប៉ះពាល់ពីខាងក្រៅ។
កាលពីខែឧសភា លោក កាន់ដា បានស្នើផ្តល់ជំនួយបន្ថែមចំនួន១,៧៥ពាន់លានដុល្លារអាម៉េរិកជូនដល់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ ម៉ាកូស ដើម្បីជួយប្រទេសនេះដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាពតានតឹងនៅមជ្ឈិមបូព៌ា៕





